Feature

កម្ពុជា-ព្រីតថេន ពង្រឹងភាពជាដៃគូ ក្នុងវិស័យសកម្មភាពមីន នៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា កម្ពុជានិងព្រីតថេន បានពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Peter Rajadiston អគ្គទីប្រឹក្សាព្រីតថេន ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ប្រចាំអាស៊ាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជបានលើកឡើងថា ព្រីតថេន បានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍។

លោក លី ធុជ វាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ព្រីតថេន សម្រាប់សកម្មភាពមីនសាកល ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ បំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៤ លានគ្រាប់ និងកាត់បន្ថយចំនួនជនរងគ្រោះប្រចាំឆ្នាំយ៉ាងច្រើន ដែលសមិទ្ធផលទាំងនេះ គឺជាផ្នែកមួយនៃការរួមចំណែករបស់ប្រទេសព្រីតថេន។

ពាក់ព័ន្ធនឹងសកម្មភាពមីនសាកល ទេសរដ្ឋមន្ត្រីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រប្រទេស ដែលរងផលប៉ះពាល់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ព្រមទាំងជំរុញការអនុវត្តគោលដៅអនុសញ្ញាអូតាវ៉ា។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការភាពជាដៃគូរឹងមាំ និងការគាំទ្រជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ផងដែរ។

ជាការឆ្លើយតប លោក Peter Rajadiston វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងព្រីតថេន ដោយបញ្ជាក់ថា ព្រីតថេន នៅតែជាដៃគូដ៏រឹងមាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។
លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥៕

To Top