អាមេរិក ឈរនៅជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ អាមេរិក មានមោទនភាព ក្នុងការឈរនៅជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជន ដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជន។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ថា «រឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិតមួយតោន ចេញពីសហគមន៍របស់យើង ។ សហរដ្ឋអាមេរិក មានមោទនភាពក្នុងការឈរនៅជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជន ដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជនយើង»។

រដ្ឋបាល អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន របស់សហរដ្ឋអាមេរិក(DEA) បានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទ ដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀន ពីកំពង់ផែកោះកុង ទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។
ប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៨ នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម។ គ្រឿងញៀនទាំងនេះនឹងមិនអាចទៅដល់សហគមន៍ នៅសហរដ្ឋអាមេរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។

ប្រភព ដដែល បានឱ្យដឹងថា បណ្តាញឧក្រិដ្ឋជនប្រើប្រាស់ប្រទេសកម្ពុជា ជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រ អាជ្ញាធរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ៕
