ព័ត៌មានជាតិ

សម្តេចធិបតី ៖ សាលារៀន២០០សាលា មានលទ្ធភាពសាកល្បង ពង្រីកការរៀន៦ម៉ោង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានសាលារៀនចំនួន២០០សាលា មានលទ្ធភាពសាកល្បងពង្រីកម៉ោងរៀនរហូតដល់ម៉ោង៦ ខណៈការរៀនថែម៦ម៉ោងលទ្ធផលបង្ហាញថា រៀនចេះជាង៤ម៉ោង ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៅវិទ្យាល័យទ្រៀល ក្នុងខេត្តកំពង់ធំ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេល១២ឆ្នាំនៃការសិក្សារបស់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ត្រូវតែពង្រីកការរៀនពី៤ទៅដល់៦ម៉ោង ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពអប់រំ ។

សម្រាប់ថ្ងៃអនាគតវិញ សម្តេចធិបតីក៏បានដាក់គោលដៅចាប់ពីថ្នាក់ទី១ដល់ទី១២ ត្រូវពង្រីកលទ្ធភាពរៀន៦ម៉ោង និងឈានទៅគ្របដណ្តប់នៅទូទាំងប្រទេស ។

សម្តេចធិបតីបញ្ជាក់ថា “នៅទូទាំងប្រទេសមាន៦% មានតែ២០០សាលារៀនទេ ដែលមានលទ្ធភាពរៀន៤ម៉ោងបូកថែម២ ហើយបូកថែម២នេះយើងឃើញសាកល្បងរូបមន្តសាលាគំរូដែលយកមកធ្វើតេស្តសាកមើលថាតើរូបមន្តណាដើម្បីបង្កើនសមត្ថភាព អត់ត្រូវការចំណាយច្រើន អត់ត្រូវការបំពាក់ឧបរកណ៍ទំនើបច្រើនទេ”។

សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសនទៀតថា ការរៀនបន្ថែមម៉ោង​ នឹងផ្តល់ឱកាសឱ្យលោកគ្រូនិងអ្នកគ្រូ មានពេលវេលាកាន់តែច្រើនក្នុងពន្យល់មេរៀន និងជួយកាត់បន្ថយតម្រូវការរៀនគួរក្រៅម៉ោងដែរ៕

To Top