រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើមីទ្ទិញខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៦
បន្ទាយមានជ័យ ៖ រដ្ឋបាលខេឲត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានរៀបចំពិធីមីទ្ទិញ អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ យ៉ាងអធឹកអធមនៅសាលាខេត្ត។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ជាច្រើននាក់។

ពិធីនេះធ្វើឡើងដើម្បីសម្តែង នូវកតញ្ញូតាធម៌ និងរំលឹកដល់ព្រះរាជបូជនីយកិច្ចទាមទារ ឯករាជ្យបរិបូរណ៍ពីអាណានិគម និយមបារាំង (៩ វិច្ឆិកា ១៩៥៣) របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ។ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងយុទ្ធនាការទាមទារសេរីភាពជូនជាតិមាតុភូមិ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា មេរៀនប្រវត្តិសាស្ត្រនៃការតស៊ូ និងការឆ្លងកាត់របបខ្មៅងងឹតពីអតីតកាល បានបណ្ដុះស្មារតីស្នេហាជាតិ និងទស្សនៈសាមគ្គីភាពយ៉ាងមោះមុត។ ឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាព និងការរស់ឡើងវិញរបស់ជាតិ គឺកើតចេញពីការតស៊ូរបស់បុព្វបុរស និងនយោបាយ «ឈ្នះ ឈ្នះ» ដោយបច្ចុប្បន្នកម្ពុជាកំពុងដើរលើផ្លូវអភិវឌ្ឍន៍យ៉ាងរឹងមាំក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សមធម៌ និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានប្តេជ្ញាការពារដាច់ខាតនូវសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ឱ្យស្ថិតស្ថេរគង់វង់។

ជាចុងក្រោយលោកអភិបាលខេត្តបានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យបន្តរួមសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរក្សាសន្តិសុខសុវត្ថិភាពសង្គម ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យជូនដល់អង្គព្រះមហាក្សត្រ សម្តេចម៉ែ និងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់៕






អត្ថបទ: ប៊ុន សំណាង/DapNews
