Feature

តំណាងកម្ពុជា បញ្ជាក់ជាថ្មី ភាពជាដៃគូយូរអង្វែងជាមួយ អ.ស.ប.

ភ្នំពេញ ៖ ឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែង របស់កម្ពុជាជាមួយអ.ស.ប. ។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឯកអគ្គរាជទូត កែវ ឈា បានបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាជាមួយអ.ស.ប. និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសេចក្តីថ្លែងការណ៍ ឯកអគ្គរាជទូត បានលើកឡើងពីតួនាទីដ៏សំខាន់របស់ក្រុមការងារប្រចាំប្រទេសរបស់អ.ស.ប. ក្រោមការដឹកនាំរបស់អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា ក្នុងការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា រួមមាន ៖ ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច , ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តគម្រោងនានាសំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

លោកក៏បានអំពាវនាវឱ្យបន្តវិនិយោគលើប្រព័ន្ធអ្នកសម្របសម្រួលប្រចាំប្រទេស ដើម្បីធានាបាននូវប្រព័ន្ធអភិវឌ្ឍន៍របស់អ.ស.ប. ដែលកាន់តែមានភាពស៊ីសង្វាក់ ការឆ្លើយតប និងមានប្រសិទ្ធភាព ៕

To Top