Feature

ស្បៃខ្មែរមួយផ្ទាំង ជាចំណងអនុស្សាវរីយ៍មួយ ដែលនាំយកភាពប្រណិតនៃសិល្បៈខ្មែរ ដល់គណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ៖ «ស្បៃខ្មែរមួយផ្ទាំង ជាចំណងអនុស្សាវរីយ៍មួយ ដែលនាំយកភាពប្រណិតនៃសិល្បៈខ្មែរ ភាពកក់ក្តៅនៃបដិសណ្ឋារកិច្ច និងមិត្តភាពពីកម្ពុជា ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា» ។

លៅក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះទស្សនាសកម្មភាព និងឈ្វេងយល់អំពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនស្បៃ ដែលរៀបចំឡើង ដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ ដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា ក៏បានអញ្ជើញចូលរួមឈ្វេងយល់ពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនលើស្បៃដោយផ្ទាល់ផងដែរ។

ជាមួយគ្នានេះ ស្បៃខ្មែរ ជាសម្លៀកបំពាក់ប្រពៃណី ដ៏ប្រណិត ដែលឆ្លុះបញ្ចាំងពីភាពឆើតឆាយ អត្តសញ្ញាណវប្បធម៌ និងស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។ ស្បៃត្រូវបានប្រើប្រាស់តាំងពីបុរាណ និងបន្តវិវត្តរហូតមកដល់បច្ចុប្បន្ន ដោយមានការត្បាញ និងតុបតែងលម្អយ៉ាងល្អិតល្អន់ ជាមួយក្បាច់រចនាដែលផ្សារភ្ជាប់នឹងសិល្បៈខ្មែរ និងតំណាងឱ្យភាពរុងរឿង ថ្កុំថ្កើន និងសុភមង្គល។

ការត្រៀមស្បៃខ្មែរ ជាវត្ថុអនុស្សាវរីយ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូប្រកបដោយភាពកក់ក្តៅ ព្រមទាំងជាឱកាសផ្សព្វផ្សាយសិល្បៈហត្ថកម្ម និងសម្បត្តិវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ៕

To Top