មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាសុខភាព ភ្នែកពិភពលោកឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការថែទាំ និងការពារគំហើញប្រជាពលរដ្ឋ នៅស្រុកអូររាំងឪ
ត្បូងឃ្មុំ ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាសុខភាព ភ្នែកពិភពលោក ដែលរៀបចំឡើងនៅមណ្ឌលសុខភាពចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងជាប្រធានកម្មវិធីសុខភាពភ្នែកខេត្ត លោកប្រធានមណ្ឌលសុខភាពចក លោកមេឃុំ ព្រមទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋអំពីសារៈសំខាន់ នៃសុខភាពភ្នែក ជំរុញការថែទាំ និងការការពារគំហើញ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការបង្ការ ការរកឃើញ និងការព្យាបាលជំងឺភ្នែកឱ្យបានទាន់ពេលវេលា តាមរយៈការផ្សព្វផ្សាយចំណេះដឹង ការពិនិត្យសុខភាពភ្នែក និងការផ្តល់សេវាថែទាំជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានលើកឡើងថា សុខភាពភ្នែកមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃ ការសិក្សារៀនសូត្រ ការប្រកបមុខរបរ និងការចូលរួមក្នុងសកម្មភាពសង្គម។ ការមើលឃើញបានល្អ មិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសមត្ថភាពក្នុងការបំពេញការងារ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា បញ្ហាជំងឺភ្នែកមួយចំនួនអាចបង្ការ និងព្យាបាលបាន ប្រសិនបើមានការយល់ដឹងត្រឹមត្រូវ ការថែទាំសុខភាពភ្នែកជាប្រចាំ និង ការទទួលបានសេវាពិនិត្យព្យាបាលទាន់ពេលវេលា។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបគួរយកចិត្តទុកដាក់ លើសុខភាពភ្នែករបស់ខ្លួន ជៀសវាងការធ្វេសប្រហែស ចំពោះរោគសញ្ញាមិនប្រក្រតី និងត្រូវស្វែងរកការពិគ្រោះយោបល់ ពីមន្ត្រីសុខាភិបាលជំនាញនៅពេលមានបញ្ហា។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការផ្សព្វផ្សាយអប់រំសុខភាព និងពង្រីកការផ្តល់សេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺភ្នែកឱ្យកាន់តែទូលំទូលាយ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ មនុស្សចាស់ និងប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់។ ទន្ទឹមនឹងនេះ ក៏ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាថាប្រជាពលរដ្ឋមានលទ្ធភាពទទួលបានព័ត៌មាន និងសេវាថែទាំសុខភាពភ្នែកប្រកបដោយគុណភាព និងសមធម៌។

ដោយឡែក លោកឱសថការី ផុល ពន្លឺ បានធ្វើបទបង្ហាញ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាសុខភាពភ្នែកដែលតែងកើតមាន កត្តាប្រឈមដែលអាចប៉ះពាល់ដល់គំហើញ ព្រមទាំងវិធីសាស្ត្រក្នុងការថែទាំ និងការការពារភ្នែកឱ្យបានត្រឹមត្រូវ។ លោកក៏បានសង្កត់ធ្ងន់លើការរក្សាអនាម័យភ្នែក ការជៀសវាងទម្លាប់ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្នែក និងសារៈសំខាន់នៃការពិនិត្យសុខភាពភ្នែកជាប្រចាំ ដើម្បីអាចរកឃើញបញ្ហាបានឆាប់រហ័ស និងទទួលបានការព្យាបាលសមស្រប។

គួរបញ្ជាក់ថា ក្នុងឱកាសនៃការរៀបចំទិវានេះ ក្រុមគ្រូពេទ្យជំនាញសុខភាពភ្នែកបានអនុវត្តសកម្មភាព ពិនិត្យសុខភាពភ្នែកជូនប្រជាពលរដ្ឋ ដោយពិនិត្យស្ថានភាពគំហើញ ស្វែងរកបញ្ហា និងរោគសញ្ញាផ្សេងៗដែលពាក់ព័ន្ធនឹងសុខភាពភ្នែក ព្រមទាំងផ្តល់ការណែនាំអំពីវិធីថែទាំ និងការការពារគំហើញឱ្យបានត្រឹមត្រូវ ។ ជាពិសេស ក្រុមគ្រូពេទ្យក៏បានចែកជូនវ៉ែនតា ការពារភ្នែកដល់ប្រជាពលរដ្ឋផងដែរ ដែលជាសកម្មភាពជាក់ស្តែង ក្នុងការរួមចំណែកលើកកម្ពស់ការយល់ដឹង និងការថែទាំសុខភាពភ្នែកនៅតាមសហគមន៍៕
អត្ថបទដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល









