សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសមាគម និងក្រុមហ៊ុនចិន ដើម្បីបណ្តុះបណ្តាលជំនាញ ពាណិជ្ជកម្មអេឡិកត្រូនិក និង ឡូជីស្ទីក
ភ្នំពេញ ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និង ក្រុមហ៊ុនចិនឈានមុខចំនួន ៥ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងសមាគម សហគ្រិនចិន ជាំងស៊ូនៅកម្ពុជា តំណាងសហគ្រាស ដៃគូពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតជាច្រើននាក់ ដើម្បីសហការ បណ្តុះបណ្តាលជំនាញ ពាណិជ្ជកម្មអេឡិកត្រូនិក និង ឡូជីស្ទីក (E-commerce and Modern Logistic Management) ដោយផ្សារភ្ជាប់ “ការអប់រំ និង ទីផ្សារការងារជាក់ស្តែង” ។

តាមរយៈកិច្ចសហការនេះ សហគ្រាសចិននៅកម្ពុជាជាដៃគូ នឹងចូលរួមគាំទ្រយ៉ាងសកម្មដល់ការបណ្តុះបណ្តាល ក្រោមកម្មវិធីមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាចិន (Cambodia-China College and Economics and Commerce: CCEC) ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងផ្នែកទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង តាមរយៈការចុះទស្សនកិច្ចសិក្សា កម្មសិក្សា ការដកស្រង់ បទពិសោធការងារផ្ទាល់ និង ការទទួលបានឱកាស ធ្វើការងារភ្លាមៗ ក្នុងពេល និង ក្រោយពេលបញ្ជប់ការសិក្សា ថ្នាក់បរិញ្ញបត្រជំនាញខាងលើ ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ (Jaingsu Vocational Institute of Commerce) នៃប្រទេសចិន ។

សូមជម្រាបជូនថា សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ក្នុងការអនុវត្តកម្មវិធី CCEC ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រជំនាញ ពាណិជ្ជកម្មអេឡិកត្រូនិក និង ឡូជីស្ទីក ដោយសិក្សានៅកម្ពុជា (នៅឆ្នាំទី១ និង ឆ្នាំទី៤) និង សិក្សានៅប្រទេសចិន (នៅឆ្នាំទី២ និង ឆ្នាំទី៣), ដោយនិស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រចំនួន ២ គឺសញ្ញាបត្របរិញ្ញាបត្រ និង សញ្ញាបត្រ Diploma ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ។ កម្មវិធីសិក្សាកម្រិតសញ្ញាបត្រ មានរយៈពេល ៤ឆ្នាំ ប៉ុន្តែតម្រូវឱ្យនិស្សិតបង់ថ្លៃសិក្សាតែ ២ឆ្នាំ ប៉ុណ្ណោះ ។ ជាមួយគ្នានេះ និស្សិតឆ្នើមនឹងទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តពិសេស ពីរដ្ឋាភិបាលចិន និង ក្នុងអំឡុងពេលទៅសិក្សានៅប្រទេសចិន និស្សិតនឹងទទួលបានកន្លែងស្នាក់នៅ, ហូបចុក និង សេវាធានារ៉ាប់រងសុខភាព ជាដើម ស្របតាមសមត្ថភាពនៃការសិក្សារបស់និស្សិត និង លក្ខខណ្ឌតម្រូវរបស់វិទ្យាស្ថាន ។
លើសពីនេះ, តាមរយៈ CCEC សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ បានរៀបចំកម្មវិធីសិក្សា ដែលតម្រង់ទិសឱ្យស្របទៅនឹងស្តង់ដាបច្ចេកទេស និង តម្រូវការជាក់ស្តែងរបស់សហគ្រាសដៃគូ ដោយផ្តោតលើការបណ្តុះបណ្តាលដែលយកការអនុវត្តជាគោល ទាំងការអនុវត្តក្នុងបន្ទប់ពិសោធ (Lab) និង ការដ្ឋានការងារជាក់ស្តែង ។ តាមរយៈកិច្ចសហការខាងលើ, សមាគម និង សហគ្រាសជាដៃគូនឹងផ្តល់ឱកាស ឱ្យនិស្សិតចុះ អនុវត្តផ្ទាល់នៅ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាដៃគូ ដើម្បីគាំទ្រដល់កម្មវិធីសិក្សា ដែលមានការផ្ទេរចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗពីអ្នកជំនាញចិន មកកាន់យុវជនកម្ពុជា ។

ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងកំណើន នៃតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និង ពាណិជ្ជកម្មអន្តរជាតិ, សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍សិស្ស និស្សិត និងសាធារណជនទាំងអស់ ចុះឈ្មោះក្នុងកម្មវិធីសិក្សាថ្មី ដែលនឹងចាប់ផ្តើមចូលរៀនជាផ្លូវការនៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ លើជំនាញកំពុងមានតម្រូវការខ្ពស់ ចំនួន ២ គឺ៖
ថ្នាក់បរិញ្ញាបត្រជំនាញ ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)
ថ្នាក់បរិញ្ញាបត្រជំនាញ គ្រប់គ្រងភស្តុភារកម្មទំនើប (Modern Logistics Management)
កម្មវិធីសិក្សាត្រូវបាន អនុវត្តតាមម៉ូដែល 1+2+1 និង ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងអប់រំនៃសធារណៈរដ្ឋប្រជាមានិតចិន ។
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 076 449 3869 / 010 516 887 ឬទំព័រហ្វេសប៊ុកផ្លូវការ របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕







