កម្ពុជា កំណត់គោលដៅ ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យបាន ២លាននាក់ ត្រឹមឆ្នាំ២០២៨
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជា បានកំណត់គោលដៅចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨។ នេះជាការលើកឡើងរបស់ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពិធីអបអរសាទរសមិទ្ធផល នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់។
លោក ហែម វណ្ណឌី បានបញ្ជាក់ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។
គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ទទួលបានសំណើចុះឈ្មោះសរុប ៥៦៨.៥៨២សំណើ ក្នុងនោះ ៥៣២.២៤៧សំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ ៩៥% នៃអ្នកស្នើសុំ បានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។ អ្នកចុះឈ្មោះទី៥០ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ។
លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ ពង្រីកការផ្សព្វផ្សាយ និងបង្កើតកញ្ចប់ឥណទានពិសេស ព្រមទាំងកម្មវិធីគាំទ្របច្ចេកទេស ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួច មានជីវភាពកាន់តែប្រសើរ អាជីវកម្មកាន់តែរឹងមាំ និងឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕
