ពលរដ្ឋខណ្ឌជ្រោយចង្វារ អំណរគុណអភិបាលរាជធានីភ្នំពេញ លើការបំពាក់អំពូលភ្លើងតាមដងផ្លូវ
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមវេទិកាសាធារណៈ នៅខណ្ឌជ្រោយចង្វារ លើកឡើងអំពីវឌ្ឍនភាពថ្មីៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំបំពាក់អំពូលភ្លើងតាមដងផ្លូវសាធារណៈ ជាបន្តបន្តាប់ បង្កើតបានភូមិដ្ឋានមានសុវត្ថិភាព ។

ការអរគុណរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។

ក្នុងឱកាសនោះ មានប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ លើបញ្ហាទប់ស្កាត់ការបាក់ច្រាំងទន្លេ និងស្នើសុំការដាក់ប្រព័ន្ធលូរជាដើម ។ ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានសម្តែងនូវការអបអរសាទរ វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ក្នុងខណ្ឌជ្រោយចង្វារនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងឱ្យអាជ្ញាធរនិងមន្ទីរជំនាញបំពាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវ បង្កើតបានសន្តិសុខសុវត្ថិភាពល្អប្រសើរ ។

ក្នុងឱកាស លោក ឃ្លាំង ហួត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបង្កប់នូវអត្ថន័យពាក្យគន្លឹះចំនួនពីរ គឺផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ តាមរយៈការពិគ្រោះយោបល់អស់រយៈពេលមួយព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ ជាពិសេស លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល ។

លោក អភិបាលរងបានថ្លែងថា សំណើសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួនរបស់លោក លោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនឱ្យផ្ទាល់រួចហើយ និងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូន។ ប៉ុន្តែចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលទទួលបាន គឺឯកឧត្ដមសូមអភ័យទោសដោយមិនទាន់បានដោះស្រាយជូនក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដមសូមធានាថានឹងយកសំណើសំណូមពរជាលាយលក្ខណ៍អក្សរទាំងអ ស់ដែលនៅសល់ ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ៕


