អគ្គប្រតិភូ នៃសមាគមអន្តរជាតិ AIMF សោកស្ដាយ ចំពោះហេតុការណ៍សង្គ្រាមកម្ពុជា-ថៃ ដែលបន្សល់ ជនភៀសសឹកកម្ពុជា ជាច្រើនគ្រួសារ
ភ្នំពេញ៖ ចំពោះសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើបូរណៈភាពទឹកដីកម្ពុជា លោក Mr.Frederic Vallier អគ្គប្រតិភូ នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បញ្ជាក់ថា AIMF ស្ថិតនៅខាងជន រងគ្រោះជានិច្ច ខណៈលោកក្នុងនាមសមាគម AIMF បានចូលរួមរំលែកការលំបាក និងការសោកស្ដាយ ចំពោះហេតុការណ៍នៃសង្គ្រាមនេះ ដែលបានបន្សល់ នូវប្រជាពលរដ្ឋកម្ពុជា ជាជនភៀសសឹកជាច្រើនគ្រួសារ។

ទន្ទឹមនឹងនេះ លោកក៏បានមើលឃើញជាក់ស្តែង នូវសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកជញ្ជូនសម្ភារ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹក ជាបន្តបន្ទាប់។
ការលើកឡើងរបស់ លោក Mr.Frederic Vallier ខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈចូលជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក Mr.Frederic Vallie បន្តថា ស្របជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជានាពេលនេះ សមាគម AIMF នឹងរៀបចំកម្មវិធីអមមួយចំនួន ដោយសហការជាមួយរដ្ឋបាល រាជធានីភ្នំពេញ រួមមាន៖ ការរៀបចំសន្និសិទ្ធ កម្រិតអភិបាល និងតំណាងរដ្ឋបាលមូលដ្ឋាន ស្តីពី “ទំនាក់ទំនងការទូតទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន” ដែលជាសន្និសិទ្ធថ្នាក់តំបន់ របស់សមាគម AIMF និងបានសមាជិកចូលរួមពីបណ្តាទីក្រុង នៃសាធារណរដ្ឋសង្គម និយមវៀតណាម សាធារណរដ្ឋប្រជាមានិតឡាវ រដ្ឋបាលខេត្តកំពង់ធំ បាត់ដំបង សៀមរាប កំពត និងខេត្តព្រះសីហនុ ព្រមទាំងអង្គការសមាគមដៃគូមួយចំនួនទៀត។ ក្រៅពីនេះ ក៏នូវមានកម្មវិធីសម្ពោធពិព័រណ៌សមិទ្ធិផល “សកម្មភាពហ្រ្វង់កូហ្វូនី នៅថ្នាក់មូលដ្ឋាន” នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃ រាជធានីភ្នំពេញខាងលើ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

លោកបានសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចូលរួមសហការ ក្នុងការរៀបចំព្រឹត្តការណ៍អមនេះ ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារបស់សមាគមយ៉ាងរាក់ទាក់ និងកក់ក្តៅនាពេលនេះ ហើយនៅខែក្រោយនេះ សមាគម AIMF នឹងរៀបចំមហាសន្និបាតលើកទី៤៦ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍លើកទី ១០៨ នៅទីក្រុងកាសាប្លង់កា ប្រទេសម៉ារ៉ុក ដែលនៅទីនោះសមាគម AIMF នឹងឧទ្ទេសនាមលោកអភិបាលរាជធានីភ្នំពេញ ដើម្បីជាបេក្ខភាពអនុប្រធានសមាគម AIMF បន្តទៀត ហើយរូបលោកផ្ទាល់ នឹងរង់ចាំស្វាគមន៍លោកអភិបាលរាជធានីភ្នំពេញ រួមទាំងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅទីនោះផងដែរ។

ជាកិច្ចឆ្លើយតប លោក ឃួង ស្រេង បានលើកឡើងថា ពាក់ព័ន្ធនឹងការរំលោភបំពាន របស់យោធាយោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក្លាយជាជនភៀសសឹករាប់ម៉ឺនគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លិចបំផ្លាញតួប្រាសាទបុរាណ របស់ខ្មែរជាច្រើនថែមទៀតដូចជា៖ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងប្រាសាទព្រះវិហារជាដើម។ ប្រាសាទទាំងនេះ ជាបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។

លោកអភិបាលបានបន្តទៀតថាការបំផ្លិចបំផ្លាញ ទាំងនោះមិនត្រឹមតែបង្កើតការឈឺ ចាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ តែជាការឈឺចាប់សម្រាប់ប្រជាពលរដ្ឋលើពិភពលោក ដែលមកដល់សវត្សរ៍ទី២១ ទៅហើយ មិនគួរណាមានប្រទេសមួយ មករំលោភបំពាន ឈ្លានពានប្រទេសមួយទៀត រហូតបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោក បែបនេះទៀតនោះទេ ។ ជុំវិញនឹងការរំលោភបំពានពីទាហានថៃនេះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យអន្តរជាតិ ជួយកម្ពុជាផងដែរ ក្នុងនោះក៏មានប្រទេសបារាំង ពិសេសគឺប្រធានាធិបតីបារាំង ក៏បានយល់ព្រមប្រគល់ផែនទី ជូនប្រទេសកម្ពុជា ដើម្បីយកមកប្រើប្រាស់ ក្នុងកិច្ចការយុត្តាធិការតវ៉ានេះ ។

ពាក់ព័ន្ធនឹងការស្នើបេក្ខភាពរបស់លោក ឱ្យបន្តជាអនុប្រធានសមាគម AIMF លោកអភិបាលរាជធានីភ្នំពេញ បានឯកភាពយល់ព្រមទទួល ដោយគ្រោងនឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាត របស់សមាគមAIMF នៅប្រទេសម៉ារ៉ុកនៅដើមខែក្រោយនេះ។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអភិបាលក៏បានសម្តែងនូវអំណរគុណដល់សមាគមដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អ និងជួយជ្រោមជ្រែង ដល់ដំណើរការអភិវឌ្ឍរបស់រាជធានីភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបេ្តជ្ញាបន្តសហការ និងធ្វើការរួមគ្នាជាមួយសមាគមួយនេះ ក្នុងការអនុវត្តគម្រោងនានាឱ្យកាន់ល្អប្រសើរថែមទៀត ក្នុងពេលអនាគត៕



