សន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៦ ទទួលបានធាតុចូល និងអនុសាសន៍គន្លឹះសម្រាប់ពង្រឹងជំនាញ និងតម្រង់ទិសដៅ យុទ្ធសាស្ត្រកសាងទីផ្សារការងារកម្ពុជា ប្រកបដោយភាពធន់ និងបរិយាបន្ន
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទ ថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La ។ លទ្ធផលនៃសន្និសីទនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់ជាធាតុចូល និងជាមូលដ្ឋាន ក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាជំរុញការអនុវត្ត ឱ្យកាន់តែប្រសើរនៃឯកសារគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាពេលខាងមុខ។

ថ្លែងទៅកាន់អង្គសន្និសីទ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អង្គការ ILO ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក កម្មករនិយោជិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណ៣០០នាក់ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំសន្និសីទ ដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក៏ដូចជាកិច្ចខិតខំរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពរលូន និងជោគជ័យគួរជាទីមោទនៈ។

តាមរយៈលទ្ធផលនៃកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៦ក្នុងរយៈពេល២ថ្ងៃមកនេះ លោកបានបង្ហាញការចាប់អារម្មណ៍លើភាពប្រទាក់ក្រឡានៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារការងារ, ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបរិវត្តកម្មធីវេត, បញ្ញាសិប្បនិម្មិត(AI) និងអនាគតនៃការងារ។ លោកបានគូសបញ្ជាក់ថា AI ជាបរិវត្តកម្មបច្ចេកវិទ្យាថ្មី ដែលនឹងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកចេះប្រើប្រាស់ក្នុងការបំប្លែងគំនិតទៅជានវានុវត្តន៍ និងការបំពេញការងារកាន់តែមានផលិតភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ ដោយឈរលើគោលដៅចម្បង គឺការលើកកម្ពស់លទ្ធផលទីផ្សារការងារឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងភាពធន់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានឱកាសការងារល្អ ផលិតភាពខ្ពស់ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរ។

ដើម្បីបំប្លែងលទ្ធផលសន្និសីទនេះឱ្យទៅជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយថ្នាក់ជាតិ ព្រមទាំងជំរុញឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំនៃក្រសួងការងារ ឱ្យពង្រឹងធ្វើទំនើបកម្មនិងស្ថាបនូបនីយកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារផ្អែកលើទិន្នន័យ និងការលើកកម្ពស់ចល័តភាពកម្លាំងពលកម្ម ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថានធីវេតផ្ទាល់ដើម្បីតម្រង់ទិសកម្មវិធីការបណ្តុះបណ្តាលជំនាញឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់និយោជក។

ក្រៅពីនេះក៏ត្រូវពន្លឿនការលើកកម្ពស់ និងផ្លាស់ប្តូរជំនាញ ដោយធ្វើការជាមួយនឹងសមាគមធុរកិច្ចជន និងសមាគមនិយោជក ដើម្បីផ្ដល់ឱកាស និងជម្រាបជូនអំពីកម្មវិធីដែលគ្រឹះស្ថានធីវេត និងមូលនិធិអភិវឌ្ឍន៍ជំនាញមានដើម្បីជួយសហគ្រាសគ្រប់កម្រិតបញ្ជូនបុគ្គលិករបស់ខ្លួនទៅទទួលការបណ្តុះបណ្តាលដោយឥតគិតថ្លៃ, ជំរុញឱ្យមានការចែករំលែកការអនុវត្តល្អៗ និងភាពជោគជ័យរបស់សហគ្រាសក្នុងការជំរុញកម្រិតជំនាញនិងលើកកម្ពស់ផលិតភាពដល់សាធារណជន និងរួមគ្នាជំរុញការធ្វើអន្តរកាលសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីករបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន៕








