Feature

ពីភាពមិន ប្រាកដប្រជា​ ទៅកាន់ឱកាសថ្មីៗ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ជួយឧបត្ថម្ភគាំទ្រ យុវជនជួបការលំបាក ៦០ នាក់ តាមរយៈកម្មវិធីជួយសង្គ្រោះយុវជន ដែលប្រឈមនឹងហានិភ័យ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ២០១៩ បានផ្លាស់ប្ដូរជីវិត របស់យុវជន អ៊ិន សុផាន់ណា កាលពីគាត់នៅវ័យជំទង់ ។ យុវជនមកពីខេត្តកំពតរូបនេះ ត្រូវដើរទាំងខ្វិនជើង ខណៈអនាគតរបស់គាត់ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
 
“មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំជាមនុស្សម្នាក់ ដែលមានភាពជឿជាក់ និងពោរពេញដោយក្តីស្រមៃ ។ ប៉ុន្តែបន្ទាប់ពីកើតហេតុភ្លាម ខ្ញុំបានក្លាយជាមនុស្ស ដែលមានភាពភ័យខ្លាច ក្នុងការចេញទៅខាងក្រៅ និងមិនហ៊ាននៅជិត អ្នកដទៃឡើយ” នេះជាការរៀបរាប់របស់ សុផាន់ណា ដែលបច្ចុប្បន្នមានអាយុ២២ ឆ្នាំ ។
ទស្សនវិស័យរបស់គាត់ បានចាប់ផ្តើមផ្លាស់ប្ដូរ នៅពេលគាត់បានចូលរួម ក្នុងកម្មវិធីសិក្សាស្នាក់នៅរយៈពេល ២០ ខែដែលទទួលបានការឧបត្ថម្ភគាំទ្រមួយផ្នែកពីកម្មវិធីជួយសង្គ្រោះ “យុវជនដែលប្រឈមនឹងហានិភ័យ” របស់ណាហ្គាវើលដ៍បេះដូងសប្បុរស ។ តាមរយៈដំណើរនេះ គាត់មិនត្រឹមតែស្វែងរកឃើញ កន្លែងសម្រាប់រៀន សូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវមិត្តភាព និងការលើកទឹកចិត្ត ដើម្បីកសាងភាពជឿជាក់លើខ្លួនឯងឡើងវិញ ផងដែរ ។

សុផាន់ណា ជួយអភិវឌ្ឍជំនាញកុំព្យូទ័រដល់សិស្សជំនាន់ក្រោយដោយចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលគាត់ទទួលបាន

“ខ្ញុំសូមថ្លែងអំណរគុណ ចំពោះណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានជួយឧបត្ថម្ភ សម្រាប់ការសិក្សារយៈពេលមួយឆមាសដល់រូបខ្ញុំ” នេះជាការរៀបរាប់របស់ សុផាន់ណា។ គាត់បានបន្តថា “ការជួយជ្រោមជ្រែងនេះ បានកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ក្នុងគ្រួសាររបស់ខ្ញុំ និងជួយឱ្យខ្ញុំអាចបន្តការ សិក្សាទៅមុខទៀតបាន ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ គឺវាបានផ្តល់ក្តីសង្ឃឹមដល់រូបខ្ញុំ នៅចំពេលដែលខ្ញុំត្រូវការវាបំផុត” ។

សុផាន់ណា គឺជាយុវជនជួបការលំបាកម្នាក់ ក្នុងចំណោមយុវជន សរុប ៦០ នាក់ ដែលទទួលបានការឧបត្ថម្ភគាំទ្រ ចាប់តាំងពីឆ្នាំ២០២៤ ដោយណាហ្គាវើលដ៍បេះដូង សប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈកម្មវិធីជួយសង្គ្រោះ “យុវជនដែលប្រឈមនឹងហានិភ័យ” របស់ខ្លួន ណាហ្គាវើលដ៍បេះដូង សប្បុរស បានផ្តល់ការ ឧបត្ថម្ភគាំទ្រមួយផ្នែក ឬពេញលេញដល់យុវជន ជួបការលំបាក មកពីតាមបណ្តាខេត្តនានា ទូទាំងប្រទេសដើម្បីចូលរួមក្នុងកម្មវិធីសិក្សាស្នាក់នៅរយៈពេល ២០ ខែ ដែលរៀបចំឡើង ដោយអង្គការ AHHA Education។ កម្មវិធីនេះ រួមបញ្ចូលការបណ្តុះបណ្តាលភាសាអង់គ្លេស និងជំនាញកុំព្យូទ័រជាមួយ នឹងការអភិវឌ្ឍចរិតលក្ខណៈ ការធ្វើការជាក្រុម និង ការដោះស្រាយបញ្ហា ដើម្បីរៀបចំសិស្ស ឱ្យត្រៀមខ្លួន សម្រាប់ឱកាសនាពេលអនាគត ។ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ។

“យើងជឿជាក់ថា យុវជនគ្រប់រូបស័ក្តិសមទទួលបានឱកាសក្នុងការរៀនសូត្រ និងកសាងអនាគតមួយដ៏ប្រសើរ” នេះជាការលើកឡើងរបស់លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍។ លោកបានបន្តថា “ការលំបាកផ្នែកហិរញ្ញវត្ថុ ជួនកាលអាចក្លាយជារបាំងរារាំងឱកាសទាំងនោះ ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថានឹងអាចជួយសម្រាលបន្ទុកនេះបានមួយផ្នែកព្រមទាំងជួយឱ្យយុវជនទទួលបាននូវជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីបន្តឈានទៅមុខ” ។

តាមរយៈកម្មវិធីសិក្សារយៈពេល ២០ ខែ ធារី (ខាងឆ្វេង) បានកសាងផ្នត់គំនិតវិជ្ជមាន ពង្រឹងលក្ខណៈសម្បត្តិព្រមទាំងប្រកាន់ខ្ជាប់នូវគុណតម្លៃដែលជួយជ្រោមជ្រែងដល់ការអភិវឌ្ឍខ្លួនរបស់គាត់

សម្រាប់កញ្ញា ឈិត ធារី អាយុ ២០ ឆ្នាំ ដែលជាសិស្សមកពីខេត្តព្រះសីហនុ បានឱ្យដឹងថា ការទទួលបានការឧបត្ថម្ភ ពេញលេញនេះ បានផ្លាស់ប្ដូរការយល់ឃើញចំពោះខ្លួនឯង និងអនាគតរបស់ខ្លួន ។
“អង្គការ AHHA Education គឺជាការចាប់ផ្តើមថ្មីមួយសម្រាប់រូបខ្ញុំ ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះណាហ្គាវើលដ៍បេះដូង សប្បុរសដែលបានជឿជាក់លើរូបខ្ញុំ និងផ្តល់ការឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ខ្ញុំ”នេះជាការរៀបរាប់របស់កញ្ញា ធារី។
តាមរយៈកម្មវិធីនេះ ធារី បានពង្រឹងសមត្ថភាពភាសាអង់គ្លេស និងជំនាញកុំព្យូទ័ររបស់ខ្លួនព្រមទាំងមានទំនុកចិត្ត និងវិន័យខ្ពស់ជាងមុន។ បទពិសោធន៍នេះ បានផ្លាស់ប្ដូរការយល់ឃើញរបស់កញ្ញា អំពីតម្លៃនៃការអប់រំ។
“បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ បានបង្រៀនឱ្យខ្ញុំដឹងថា ការអប់រំមិនមែនត្រឹមតែជាការក្រសោបយកចំណេះដឹងប៉ុណ្ណោះទេ” កញ្ញាបានបន្ថែមទៀតថា “ការអប់រំ អាចផ្លាស់ប្ដូររបៀបនៃការគិត របៀបនៃការប្រព្រឹត្តព្រមទាំងរបៀប ដែលយើងមើលឃើញអនាគត របស់យើងផងដែរ”។

ធារី មានក្ដីស្រមៃចង់ក្លាយជាមេធាវីម្នាក់ ។ ទោះបីនាងដឹងថានឹងមានបញ្ហាប្រឈម យ៉ាងណានៅខាងមុខក៏ដោយ ប៉ុន្តែបច្ចុប្បន្ន នាងមានទំនុកចិត្តជាងមុនក្នុងការជម្នះរាល់ឧបសគ្គទាំងនោះ ។
“ខ្ញុំនឹងបន្តខិតខំរៀនសូត្រ ប្រឹងប្រែងធ្វើការ និងនាំយកចំណេះដឹងព្រមទាំងជំនាញដែលទទួលបានទៅជួយគ្រួសារ និងសហគមន៍របស់ខ្ញុំ” នេះជាការរៀបរាប់របស់កញ្ញា ។
ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០០ អង្គការ AHHA Education បានរួមបញ្ចូលនូវការអប់រំចរិតលក្ខណៈ បំណិនជីវិត និងការអនុវត្តជាក់ស្ដែងដើម្បីពង្រឹងសមត្ថភាពយុវជនដែលជួបការលំបាកឱ្យមានម្ចាស់ការលើជីវិតរបស់ខ្លួន និងចូលរួមចំណែកជួយដល់សង្គមជាតិ។ កម្មវិធីសិក្សាស្នាក់នៅរបស់អង្គការនេះ ត្រូវបានពង្រីកបន្ថែមពី ២០ ខែទៅ ២៤ ខែដោយបញ្ចូលនូវវគ្គចុះកម្មសិក្សា និងអនុវត្តការងារ ជាក់ស្ដែងរយៈពេល ៤ ខែ ដើម្បីផ្ដល់បទពិសោធន៍ ការងារនៅទីកន្លែងធ្វើការផ្ទាល់ ។

“យើងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាដៃគូជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស ។ ការឧបត្ថម្ភពេញលេញ និងមួយឆមាសរបស់ណាហ្គាវើលដ៍ បេះដូងសប្បុរស បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ របស់សិស្សានុសិស្សដែលជួបការលំបាកព្រមទាំងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់គុណភាពបង្រៀននៅតាមសាលារៀនរបស់យើងនៅតាមបណ្តាខេត្តផងដែរ” នេះជាការលើកឡើងរបស់លោក CD Singh សហស្ថាបនិក និងជានាយកអន្តរជាតិរបស់អង្គការ AHHA Education ។

សិស្សានុសិស្ស អបអរសាទរដល់ដំណើរសិក្សារបស់ពួកគេនៃកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមមុខនឹងហានិភ័យជាមួយក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ AHHA Education

សម្រាប់ សុផាន់ណា ឱកាសក្នុងការ បន្តការសិក្សានេះ ក៏បានជំរុញលើកទឹកចិត្តគាត់ឱ្យជួយ ត្រឡប់ទៅកាន់ សហគមន៍វិញផងដែរ ។ គាត់មានបំណងចង់ក្លាយជាគ្រូបង្រៀន ភាសាអង់គ្លេស និងបង្កើតសាលារៀន ផ្ទាល់ខ្លួនមួយនាពេលអនាគត ដើម្បីជួយឱ្យយុវជនផ្សេងទៀតអាចទទួលបានការអប់រំ និងកសាងអនាគតមួយដ៏ភ្លឺស្វាង៕

To Top