រដ្ឋមន្រ្តីសុខាភិបាល បើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសឱសថ អាស៊ានលើកទី៤២
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសឱសថអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាបដែលកម្ពុជាជាម្ចាស់ផ្ទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីប្រតិភូមកពីប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម តំណាងមកពីលេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត Zoom ដែលមានប្រតិភូឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រឡេស្ទេ និងថៃ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញការអនុវត្តផែនការការងារ PPWG ឆ្នាំ២០២៦-២០៣០ ដោយត្រូវបន្តបម្លែងការប្តេជ្ញាចិត្តក្នុងតំបន់ទៅជាសកម្មភាពជាក់ស្តែង ជាពិសេសការស្វែងរកវិធីសាស្ត្ររួម ដែលគិតគូរពីភាពខុសគ្នានៃប្រព័ន្ធនិយ័តកម្ម និងសមត្ថភាពរបស់រដ្ឋសមាជិកនីមួយៗ។ ពង្រឹងកិច្ចសហប្រតិបត្តិការនិយ័តកម្ម និងការទទួលស្គាល់គ្នាទៅវិញទៅមក ដោយត្រូវមានយន្តការអនុវត្តនិយ័តកម្មក្នុងតំបន់ឱ្យមានប្រសិទ្ធភាព រួមជាមួយនឹងការពឹងផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរនិយ័តកម្មដែលមានសមត្ថភាព ។

លោកបន្តថា ត្រូវពង្រឹងការពិនិត្យ និងតាមដានឱសថ ក្រោយពេលអនុញ្ញាតឱ្យចរាចរលើទីផ្សារ ដោយត្រូវបន្តពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងតាមដានគុណភាព និងសុវត្ថិភាពឱសថ ព្រមទាំងការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះហានិភ័យដែលអាចកើតមានដោយផលិតផលឱសថ។ ដូច្នេះ កិច្ចសហប្រតិបត្តិការលើការរាយការណ៍ ឬចែករំលែកព័ត៌មានពីឱសថក្លែងបន្លំ ឬអន់គុណភាព ឬឱសថដែលគ្មានសុវត្ថិភាព តាមរយៈប្រព័ន្ធប្រកាសអាសន្នឱសថក្រោយការអនុញ្ញាតឱ្យចរាចរលើទីផ្សារ មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធនិយ័តកម្មនៅទូទាំងតំបន់។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសឱសថអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅថ្ងៃទី៩-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ៕







