សម្ដេចតេជោ ប្រាប់ទូតអាមេរិក ថា បញ្ហា Scam Online ជាបញ្ហាសកល មិនមែនជាបញ្ហា នៅតែក្នុងប្រទេសកម្ពុជា ដាច់ដោយឡែកនោះទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបករណីបទល្មើសបច្ចេកវិទ្យា (Scam Online) និងអះអាងថា បញ្ហា Scam Online នេះ មិនមែនជាបញ្ហាដាច់ដោយឡែកនៅប្រទេសកម្ពុជា នោះទេ តែវាជាបញ្ហាសកល ហើយកម្ពុជាក៏ជាជនរងគ្រោះនៃបញ្ហានេះផងដែរ។
បើតាមលោក ជា ធីរីទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអរគុណ កម្ពុជាដែលបានសហការជាមួយអាមេរិក នាពេលកន្លងមកនៅក្នុងទំនាក់ទំនងទូទៅ ជាពិសេសនៅក្នុងការបោសសំអាត ឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាសហការបានយ៉ាងល្អជាមួយសហរដ្ឋអាមេរិក។
ក្នុងបញ្ហាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លោកឯកអគ្គរដ្ឋទូត ថា សម្ដេចមានការជឿជាក់យ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាមវរធិបតី ហ៊ុន ម៉ាណែត ថានឹងបោសសំអាត ឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ឱ្យអស់។
សម្ដេចបញ្ជាក់ថា «បញ្ហា Scam Online នេះ មិនមែនជាបញ្ហានៅតែក្នុងប្រទេសកម្ពុជាដាច់ដោយឡែកនោះទេ តែវាជាបញ្ហាសកល ដែលតម្រូវឱ្យមានការសហការ គ្នាជាបន្តបន្ទាប់ ហើយប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មអនឡាញ ផងដែរ»៕
