Feature

កម្ពុជា-កាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ភ្នំពេញ ៖ កម្ពុជា-កាណាដា នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយចំនួន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានគោលបំណង ជំរុញវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៣ វិច្ឆិកា នេះ ថា តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាក ជូសេហ្វ ខានី នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកាណាដា នឹងជួបពិភាក្សាការងារ ទ្វេភាគី ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សា អំពីមធ្យោបាយ ពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍គ្នា ទៅវិញទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជា ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ចំណាប់អារម្មណ៍រួមផងដែរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន រួមមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានគោលបំណង ជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសកម្ពុជា និង ប្រទេសកាណាដា បន្ថែមទៀត។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ដោយបានគូសបញ្ជាក់ចំណងមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់ កម្លាំងរុញច្រានថ្មីមួយថែមទៀត សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ៕

To Top