ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា បានបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការសហប្រជាជាតិ (UN) ក្នុងគោលដៅនាំមកនូវសន្តិភាព ស្ថេរភាព និង វិបុលភាពរួម។
ក្នុងឱកាសនៃជំនួប, លោក ប្រធានាធិបតីរវ៉ាន់ដា បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ខណៈដែលរវ៉ាន់ដា ក៏ធ្លាប់ ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។
ផ្អែកលើចំណងការទូតទ្វេភាគីជាងពីរទសវត្សរ៍កន្លងមកនេះ, លោកប្រធានាធិបតី បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងទ្វេភាគី រវ៉ាន់ដា -កម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ, ជាពិសេស លើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី, តំបន់ និងសកល។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាពលើវិស័យសក្តានុពល និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។
ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។
ដោយឡែក, ក្នុងក្របខ័ណ្ឌតំបន់ និងសកល, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ព្រមទាំងបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការសហប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅនាំមកនូវសន្តិភាព, ស្ថេរភាព និង វិបុលភាពរួម៕









