Feature

ប្រមុខការទូតកម្ពុជា ៖ សន្តិភាព មិនអាចពឹងផ្អែក តែលើតុល្យភាព អំណាចទាំងស្រុងនោះទេ ត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា សន្តិភាព មិនអាចពឹងផ្អែកតែលើតុល្យភាព អំណាចទាំងស្រុងនោះទេ ត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំ «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តកសាងសន្តិភាព មានន័យថាជាការទប់ស្កាត់វិបត្តិ ការគាំទ្រដល់ការសម្រុះសម្រួល និងការជួយសម្រួលដល់ការផ្សះផ្សា ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា «សន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាព អំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី»៕

To Top