Feature

រដ្ឋមន្រ្តីព័ត៌មាន ៖ ឯកសារ៣ នឹងដាក់ឱ្យថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលពិនិត្យ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ឯកសារសំខាន់ៗចំនួន៣ នឹងត្រូវដាក់ជូនឱ្យថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើនប្រទេស ធ្វើការពិនិត្យ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃស្អែក ។

ក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា លើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី លើកទី៤៨នេះ បានពិនិត្យចុងក្រោយទៅលើឯកសារ៣សំខាន់ៗ គឺទី១-សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលឯកសារនយោបាយបង្ហាញពីការប្តេជ្ញាចិត្តលើកកម្ពស់សន្តិភាពសហវិជ្ជមាននិងសហប្រតិបត្តិការសង្គម វប្បធម៌សង្គម និងការអភិវឌ្ឍសហគមន៍ ។ ទី២-សេចក្តីសម្រេចពីស្ថានភាពវិបត្តិ ដែលផ្តោតទៅលើការបង្ការជម្លោះ ការគាំទ្រទៅលើកិច្ចប្រឹងប្រែង សម្របសម្រួល ការស្វែងរកមធ្យោបាយចាកចេញពីវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាព នៅក្នុងលំហរហ្វ្រង់កូហ្វូន ។

សម្រាប់ចំណុចទី៣វិញ រដ្ឋមន្រ្តីបញ្ជាក់ថា គឺជាសេចក្តីអំពាវនាវទីក្រុងភ្នំពេញដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ដែលផ្អែកលើបទពិសោធន៍របស់កម្ពុជាដែលរងខូចខាតបេតិកភណ្ឌធ្ងន់ធ្ងរក្នុងពេលដែលមានការឈ្លានពានពីប្រទេសថៃ ។

លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា “ឯកសារទាំងនេះ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ដែលជាការបើកកិច្ចប្រជុំកំពូល” ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាល សមាជិកទាំង៩០ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម៕

To Top