ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ចំពោះវត្តមានរបស់លោក Thongloun Sisoulith មកកាន់ប្រទេសកម្ពុជា សារជាថ្មី ដោយនៅឆ្នាំ២០២៦នេះ សម្ដេចតេជោបានជួប ជាមួយនឹង លោក ថងលូន ស៊ីសូលីត ចំនួន២ដងហើយ គឺកាលពីខែកុម្ភៈ ហើយលើកនេះជាលើកទី២។ សម្ដេចតេជោចាត់ទុកវត្តមាន របស់ លោក ថងលូន ស៊ីសូលីត មកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ ដល់ទំនាក់ទំនងរវាង កម្ពុជានិងឡាវ និងការផ្ដល់តម្លៃ ដល់សហគមន៍ ហ្វ្រង់កូហ្វូនី។
នៅក្នុងឱកាសនោះ លោក ថងលូន ស៊ីសូលីត បានសម្ដែងនូវការអរគុណសម្ដេចតេជោ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដល់ រូបលោក ហើយជាលើកទីពីរនៅក្នុងឆ្នាំនេះ ដែលលោកបានជួបសម្ដេចតេជោ។
លោក ថងលូន ស៊ីសូលីត បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុងដំណើរការដោយល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរ នូវដំណើរទស្សនកិច្ច នៃប្រតិភូនៃប្រទេសទាំងពីរយ៉ាងសកម្ម។ នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួបទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយប្រទេសទាំងពីរ បានរួមគ្នា ក្នុងការអបអរសាទរផងដែរ។
សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរ បានសហការគ្នាយ៉ាងសកម្ម ជាពិសេសគឺការផ្លាស់ប្ដូរ នៃដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមក រវាងប្រតិភូជាន់ខ្ពស់រហូតដល់យុវជននៃបណ្ដាប្រទេសទាំងពីរ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជានិងឡាវ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានលើកឡើងពាក់ព័ន្ធទៅនឹង កិច្ចសហប្រតិបត្តិការតាមព្រំដែន រវាងកម្ពុជានិងឡាវ ជាពិសេសគឺការជំរុញនូវការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសល់១៤ភាគរយ នោះឱ្យសម្រេចបានជោគជ័យ នៅពេលខាងមុខ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរលោក ថង លូនស៊ីសូលីត ឱ្យទទួលបានជោគជ័យ នៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជា ជាពិសេសគឺការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕


