ភ្នំពេញ ៖ ក្នុងឱកាសប្រតិភូវៀតណាម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៦ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៧ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ក៏ដូចជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ រួមទាំងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នារយៈពេលជាង១០ខែមកនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ពិសេសលើវិស័យសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។
លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះប្រសិទ្ធភាពការងាររបស់ក្រសួងទាំងពីរក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងបានចូលរួមអបអរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកំពុងទទួលរៀបចំជាម្ចាស់ផ្ទះយ៉ាងមហោឡារិក និងប្រកបដោយកិត្តិយស កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី ដែលក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីរបៀបវារៈនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សភាពការណ៍តំបន់ និងពិភពលោក ជាពិសេសបានផ្ដោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួមទាំងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន ស្រាវជ្រាវ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។
ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៧ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវិបុលភាពរួម សម្រាប់ ប្រជាជនទាំងពីរ៕
