ត្បូងឃ្មុំ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ២០៨កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយដល់មូលដ្ឋានជូនប្រជាពលរដ្ឋជិត ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោកស្រី ជា សុខនី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះគឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗ។ លោកស្រីគូសបញ្ជាក់ថា ការងារក្នុងស្រុកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រោយពេលចូលធ្វើការ ក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ចំពោះស្រ្តីមានផ្ទៃពោះក៏ទទួលបានការពិនិត្យផ្ទៃពោះ និងសុខភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់កូនអាយុក្រោម២ឆ្នាំ។
ទន្ទឹមនឹងនេះ លោកស្រីបានជម្រាបជូនថា ក្រសួងក៏ផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ជាងនៅប្រទេសថៃផងដែរ។ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ លើសពីនេះ បងប្អូនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តត្បូងឃ្មុំ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ គឺទទួលបានទាំងចំណេះ ជំនាញ និងប្រាក់ឧបត្ថម្ភផងដែរ។
លោកស្រីក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់អ្នកដែលមិនបានចូលរួម សាច់ញាតិ និងមិត្តភក្តិ។ ក្នុងករណីចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។
សូមបញ្ជាក់ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយ ធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA (ខេត្តត្បូងឃ្មុំ), ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនជ្រើសរើសកម្លាំពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR)៕









