ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់បណ្ដាប្រទេសនានាថា ដែនអធិបតេយ្យ របស់កម្ពុជា ជាច្រើនកន្លែង ត្រូវបានកាន់កាប់ ដោយខុសច្បាប់ពីកងទ័ពថៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដែនអធិបតេយ្យ របស់កម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ។
 
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
 
សម្ដេចធិបតី បន្ដថា បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ សម្ដេច ថា «កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ»។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០, ០០០ នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។
 
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «យើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រម ព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ, យើងស្នើសុំ ឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក»។
 
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរ ជាតិ ដែលទទួលស្គាល់ ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបាន គូសវាសយ៉ាងច្បាស់លាស់រួចហើយ តាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ, នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ៕

To Top