ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្គ្រាម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្គ្រាម ហើយការកសាងសន្តិភាព ត្រូវការពេលវេលាច្រើនជំនាន់ផងដែរ។
 
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
 
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តទាំងអស់ នៃសហគមន៍អន្តរជាតិ បានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
 
សម្ដេចធិបតី មានប្រសាសន៍ថា «ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង។ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំ នឹងសង្គ្រាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។
 
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព។ សម្ដេច ថា «គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវតែម្នាក់ឯងបានឡើយ»។
 
ដូច្នេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺ៖ ការបង្ការ ការត្រៀម ខ្លួន និងការកសាងវិបុលភាព៕

To Top