ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជាមានបំណង ប្រែក្លាយភ្នំពេញ ទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយភ្នំពេញ ឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ព្រោះពិភពលោកកំពុងប្រឈមនឹងការបែកបាក់ ។

ក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ទីក្រុងភ្នំពេញមានស្មារតីចងចាំជាប្រវត្តិសាស្ត្រមួយ ។ សម្តេចធិបតីបន្តថា ឆ្នាំ១៩៧០ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានចាប់កំណើតឡើងនៅទីក្រុង នីយ៉ាម៉េ ។ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាព្រះវររាជបិតាស្ថាបនិកមួយព្រះអង្គ ក្នុងចំណោមស្ថាបនិកដំបូងនៃអង្គការនេះ។ ប៉ុន្តែក្នុងឆ្នាំដដែល កម្ពុជាបានធ្លាក់ចូល ទៅក្នុងភ្លើងសង្រ្គាម ហើយ៥ឆ្នាំបន្ទាប់ ភ្នំពេញបានក្លាយជាទីក្រុងដែលស្ទើរតែគ្មានមនុស្សរស់នៅ។ អស់រយៈពេលជិត៤ឆ្នាំ ទីក្រុងនេះបានធ្លាក់ក្នុងភាពស្ងប់ស្ងាត់ ។ កម្ពុជាមិនភ្លេចឡើយជនរងគ្រោះទាំងអស់ ហើយក៏មិនបានភ្លេច នូវការបង្ខំឱ្យធ្វើការដោយគ្មានសេរីភាព, ការបង្ខំឱ្យផ្លាស់ទីលំនៅ និងអំពើប្រល័យពូជសាសន៍ ។

សម្តេចធិបតីរៀបរាប់បន្តថា បន្ទាប់មក, ជីវិតក៏បានវិលត្រឡប់មកវិញ ។ ក្រុមគ្រួសារជាច្រើនបានវិល ត្រឡប់មកផ្ទះសម្បែងវិញ ដោយគ្មានអ្វីជាប់នឹងខ្លួនសោះ។ ប្រជាជនទាំងអស់បានចាប់ផ្តើមសាងសង់ឡើងវិញនូវផ្ទះ, សាលារៀន និងផ្សារ ជាមួយក្តីសង្ឃឹម ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ន ភ្នំពេញមានអគារខ្ពស់ៗបានលេចរូបរាងឡើង ឈរអមជាមួយប្រាសាទបុរាណ។ មហាវិថីទាំងឡាយដែលធ្លាប់តែស្ងាត់ជ្រងំ, ឥឡូវពោរពេញទៅដោយយុវជន ដែលមានភាពស្វាហាប់ក្នុង ការកសាងអនាគតរបស់ពួកគេ។ កូនចៅ កំពុងសិក្សាភាសាអង់គ្លេស, ភាសាចិន, ភាសាកូរ៉េ ជាពិសេសភាសាបារាំង ដែលតែងតែស្ថិតនៅកន្លែងពិសេសមួយ ពោលគឺជាភាសាដែលចូលរួមចំណែកកសាងប្រព័ន្ធអប់រំ, ប្រព័ន្ធច្បាប់ និងទំនាក់ទំនងមិត្តភាព។

សម្តេចធិបតីមានប្រសាសន៍ទៀតថា ភ្នំពេញយល់ច្បាស់បំផុតពីតម្លៃសន្តិភាព ទោះបីជាត្រឹមតែមួយថ្ងៃក៏ដោយ ហើយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបើកទ្វារទីក្រុង ដើម្បីទទួលស្វាគមន៍ភ្ញៀវ កិត្តិយសបរទេស ប្រមាណជា៨០ប្រទេស ។ ២៩ឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ, ហ្វ្រង់កូហ្វូនីបានវិលត្រឡប់មកកាន់តំបន់ អាស៊ីអាគ្នេយ៍សាជាថ្មី ដែលជាតំបន់ស្ថិតនៅជួរមុខមួយ នៃពិភពលោកកំពុងផ្លាស់ប្តូរ។ អាស៊ី ជាកម្លាំងចលករនៃកំណើន ហើយអាស៊ីក៏ជាចំណុចប្រសព្វនៃអរិយធម៌ដែរ ។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ពីព្រោះពិភពលោកកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏កំពុងធ្លាក់ចុះ។ ក្នុងកាលៈទេសៈនេះ, និងលើសពីពេលណាៗទាំងអស់, ហ្វ្រង់កូហ្វូនីត្រូវតែបន្តជាទីកន្លែង ដែលផ្តល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប៕

To Top