សម្ដេចធិបតី ៖ នៅមានវិស័យសំខាន់ៗ ជាច្រើនទៀត កម្ពុជា-អាមេនី អាចពង្រឹង និងពង្រីក ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅមានវិស័យសំខាន់ៗជាច្រើនទៀត កម្ពុជា និងអាមេនី អាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Nikol Pashinyan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាស លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្ត្រីអាមេនី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេនី និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងឯកឧត្តម និង សម្តេចធិបតី នាពេលនេះ នឹងបង្កើតនូវកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណដល់លោកមនាយករដ្ឋមន្ត្រីអាមេនី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ។

សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា «នៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលកម្ពុជា និងអាមេនីអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ»។
សម្តេចធិបតី និងលោកនាយករដ្ឋមន្ត្រីអាមេនី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ ជាដើម។

សម្តេចធិបតី បានជម្រាបជូនលោករដ្ឋមន្ត្រីអាមេនី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា aសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
