ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន ។
ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៦ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី ធុជ បានសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបានបន្សល់ទុកសំណល់ជាតិផ្ទុះជាច្រើន នៅក្នុងខេត្តចំនួន៧របស់កម្ពុជា តាមបណ្តោយព្រំដែន។
លោកថា ជម្លោះព្រំដែនដែលបានផ្ទុះឡើងវិញក្នុងឆ្នាំ២០២៥ បានបង្កើតការគំរាមកំហែងថ្មីដោយយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋ និងសហគមន៍នៅតំបន់ព្រំដែន។ ស្ថានភាពនេះបង្ហាញថា ការស្តារសុវត្ថិភាពលើដីដែលរងផលប៉ះពាល់ពីជម្លោះ ត្រូវការពេលវេលា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។
លោកបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ និងបានចំណាយពេលជាង៣០ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរកឃើញ និងបំផ្លាញយុទ្ធភណ្ឌផ្ទុះរាប់លានគ្រាប់។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ បេសកកម្មនេះនៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ នៅតែប្រឈមនឹងគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកតាំងពីអតីតកាល។
ទេសរដ្ឋមន្រ្តីបានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា សង្គ្រាមអាចបញ្ចប់នៅពេលណាមួយ ប៉ុន្តែគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម អាចបន្តគំរាមកំហែងដល់អាយុជីវិតមនុស្សជាច្រើនជំនាន់ បើទោះបីជាសង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយ៕



