ក្រសួងការងារ និងសមាគមចិន CIEA ពង្រឹងភាពជាដៃគូអភិវឌ្ឍ ជំនាញឧស្សាហកម្មបៃតង និងទាក់ទាញការ វិនិយោគចិនមកកម្ពុជា
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី អេឡែន (Lee Allen) ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីគំនិតផ្តួចផ្តើមក្នុងការស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្ស ការផ្គូផ្គងការងារ ការផ្ទេរបច្ចេកវិទ្យា និងការជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង ក៏ដូចជាផលិតកម្មប្រកបដោយចីរភាពនៅកម្ពុជា ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លី អេឡែន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាគម CIEA ដែលបានដើរតួជា “ស្ពាន” សម្រាប់ភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន ក្នុងការជំរុញការលើកកម្ពស់ឧស្សាហកម្មកម្ពុជា និងកសាងប្រព័ន្ធខ្សែច្រវាក់ឧស្សាហកម្ម បង្កើតវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម ក៏ដូចជាការទាក់ទាញវិនិយោគ ជាពិសេសតាមរយៈសមាជិករបស់ខ្លួនជាង ១០០ សហគ្រាស ដែលក្នុងនោះក៏មានកិច្ចសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។

ភាគីទាំងពីរបានពិភាក្សាគ្នា អំពីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ ជំនាញឧស្សាហកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-ចិន ក្នុងការជំរុញការបណ្តុះបណ្តាល តាមតម្រូវការរបស់សហគ្រាស ការអនុវត្តជាក់ស្តែងនៅក្នុងរោងចក្រ ការបណ្តុះបណ្តាលគ្រូបង្គោល និងការបង្កើតប្រព័ន្ធវាយតម្លៃជំនាញវិជ្ជាជីវៈ ព្រមទាំងពិភាក្សាអំពីការផ្គូផ្គងការងារ និងតម្រូវការកម្លាំងពលកម្ម ក្នុងវិស័យឧស្សាហកម្ម។ លើសពីនេះ លោកនិងតំណាងក្រុមហ៊ុនចិន ក៏បានពិភាក្សាលើកិច្ចសហការ រវាងសហគ្រាសចិន និងកម្ពុជា, ការរៀបចំពិព័រណ៍ឧស្សាហកម្មចិននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការ លើឧស្សាហកម្មបៃតង និងផលិតកម្មប្រកបដោយចីរភាព តាមរយៈការជំរុញការប្រើប្រាស់ថាមពលស្អាត ការគ្រប់គ្រង និងចម្រោះទឹកសំណល់ ឧស្សាហកម្ម ការប្រើប្រាស់ធនធានឡើងវិញ ឧបករណ៍សន្សំសំចៃថាមពល សុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការបណ្តុះបណ្តាលជំនាញ ផលិតកម្មបៃតង ដើម្បីជួយសហគ្រាសបំពេញតាមតម្រូវការ និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។

លោក លី អេឡែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីចំពោះកិច្ចពិភាក្សាប្រកបផ្លែផ្កា និងបានបង្ហាញការកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដោយលោកបានគូសបញ្ជាក់ថា ក្នុងទស្សនៈអ្នកវិនិយោគចិន លោករដ្ឋមន្ត្រីត្រូវបានចាត់ទុកថា ជាឥស្សរជនមួយរូបដែលមានឥទ្ធិពលវិជ្ជមានក្នុងការជំរុញការវិនិយោគឱ្យមានភាពជោគជ័យ និងការអភិវឌ្ឍនៅកម្ពុជា។ លោកមានប្រសាសន៍ថា សមាគមបានបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងទុងក្វាន់ ខេត្តក្វាងទុង ប្រទេសចិន ដែលត្រូវបានទទួលស្គាល់ថា ជាបេះដូងនៃ “រោងចក្រពិភពលោក” ដើម្បីជំរុញការតភ្ជាប់ធនធានវិនិយោគរវាងសហគ្រាសចិន និងឱកាសវិនិយោគវិស័យឧស្សាហកម្មនៅកម្ពុជា។ សមាគមបានប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយនិរន្តរភាព និងសង្ឃឹមថា លោកនឹងគាំទ្រគម្រោងកិច្ចសហការដែលបានពិភាក្សា និងឈានទៅរកការបង្កើតភាពជាដៃគូផ្លូវការនឹងគ្នានាពេលអនាគត ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយលោកបានណែនាំសមាជិកសមាគមឱ្យភ្ជាប់ទំនាក់ទំនងទៅតាមវិស័យរបស់ក្រសួង ដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សាគ្នាតាមវិស័យ ដើម្បីឈានទៅរកការពង្រឹង និងពង្រីកទំនាក់ទំនងផ្លូវការឱ្យកាន់តែរឹងមាំ ដែលនឹងជួយជំរុញឱ្យមានអ្នកវិនិយោគិនចិនកាន់តែច្រើនមកកម្ពុជា ជាពិសេសក្នុងវិស័យដែលអត់ទាន់មានការវិនិយោគ ដូចជាការផលិតក្រណាត់ជាដើម៕





