EU សាទរកម្ពុជា ក្រោយជោគជ័យ ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ភ្នំពេញ ៖ លោក ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា ចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ រំលេចថា ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា កោតសរសើរចំពោះការរៀបចំ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្តង់ដារសន្តិសុខកម្រិតខ្ពស់ដែលបានផ្តល់ជូនគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិដែលបានចូលរួម រួមមាន ៖ រដ្ឋសមាជិកសហភាពអឺរ៉ុបដូចជា អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាស៊ី ស៊ីប សាធារណរដ្ឋឆែក អេស្តូនី បារាំង ក្រិក ហុងគ្រី អៀរឡង់ ឡាតវី លីទុយអានី លុចសំបួ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងស្លូវ៉េនី។

លោកថា ការបានឃើញពន្លាជាតិ និងពន្លាដៃគូរួមបញ្ចូលគ្នា នៅភូមិហ្វ្រង់កូហ្វូនី នៅសួនច្បារវត្តបទុមវតី គឺជាចំណុចលេចធ្លោ ដ៏គួរឱ្យចាប់អារម្មណ៍មួយ នៃជំនួបជាប្រវត្តិសាស្ត្រនេះ ៕


