ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ។
នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថាគន្លឹះតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣១ ឬហៅកាត់ថា COP31 នៅទីក្រុងអាន់តាលីយ៉ា ប្រទេសទួរគីយ៉េ។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ ប៉ុន្តែកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង បាតុភូតអែលនីញ៉ូ បានបង្កឱ្យមានកំដៅកើនឡើង គ្រោះរាំងស្ងួត និងកង្វះទឹក ដែលគំរាមកំហែងដល់ស្បៀងអាហារ និងជីវភាពប្រជាពលរដ្ឋនៅជនបទ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ កម្ពុជាបានដាក់ចេញផែនការ NDC 3.0 ដោយប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥ ភាគរយ នៅឆ្នាំ ២០៣៥ និងឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែរក្សាគោលដៅកំណត់កំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ព្រមទាំងចូលរួមជាមួយប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ទាមទារឱ្យមានការផ្តល់ហិរញ្ញប្បទានអាកាសធាតុយ៉ាងតិច ៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនថវិកាសម្របខ្លួនឱ្យបានយ៉ាងតិចបីដង នៅត្រឹមឆ្នាំ ២០៣៥ ដោយសម្រួលនីតិវិធីឱ្យងាយស្រួលទទួលបានមូលនិធិអាកាសធាតុបៃតងដោយផ្ទាល់។ ជាចុងក្រោយ កម្ពុជាបានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយដៃគូទាំងអស់ ដើម្បីភាពជោគជ័យនៃសន្និសីទ COP31 នេះ៕
