Feature

សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូ ឈួនហ័រ (Wu Chuanhua) នាយករងនៃមជ្ឈមណ្ឌលកម្មករចិន សម្រាប់ទំនាក់ទំនងអន្តរជាតិ (CWCIE) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសហជីពកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា ការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពសហជីព និងកម្លាំងពលកម្ម ព្រមទាំងជំរុញការសម្របសម្រួល និងការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ូ ឈួនហ័រ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងមជ្ឈមណ្ឌល CWCIE ដែលជាផ្នែកមួយចំណុះឱ្យសហជីពទូទាំងប្រទេសចិន (ACFTU) ដែលមានសមាជិកជាង ៣០០លាននាក់។ ភាគីទាំងពីរបានលើកឡើង ពីចំណងមិត្តភាពដ៏ល្អ និងរឹងមាំជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន ។ លោកបានកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងការវិនិយោគ និងការគាំទ្រជាបន្តបន្ទាប់ របស់ប្រទេសចិនលើការស្រាវជ្រាវ ការបណ្តុះបណ្តាល និងមធ្យោបាយទំនាក់ទំនង ព្រមទាំងបានស្នើឱ្យបន្តផ្តល់ការគាំទ្របន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិនចិន។ លោកក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងទំនាក់ទំនងរវាងសហជីពកម្ពុជា និងចិន ខណៈដែលកម្លាំងពលកម្មកម្ពុជាមួយចំនួនធំកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនដែលមានទុនវិនិយោគចិន ជាពិសេសក្នុងវិស័យវាយនភណ្ឌ។ 

លោកបានមានប្រសាសន៍ថា ការបន្តទទួលបានការគាំទ្រពីសហជីពចិន និងការចែករំលែកបទពិសោធនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបើកឱកាសឱ្យសហជីពកម្ពុជាទៅធ្វើទស្សនកិច្ចនៅចិន និងពង្រីកទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសហជីពចិន។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពសហជីពកម្ពុជា និងទទួលបានការគាំទ្រកាន់តែច្រើនពីបងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ ក្រសួងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងសហជីពកម្ពុជា និងចិនកាន់តែរលូន និងជិតស្និទ្ធ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងអាចចែករំលែកព័ត៌មានកាន់តែទូលំទូលាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក អ៊ូ ឈួនហ័រ បានកោតសរសើរ ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយ និងការគិតគូរប្រកបដោយភាព ឯករាជ្យរបស់លោករដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក គឺការតភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហជីពនៃប្រទេសទាំងពីរ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍជំនាញ និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ការពង្រឹងភាពជាដៃគូរវាងសហជីពនិងសហជីព គឺជាកិច្ចការដែលចាំបាច់ត្រូវជំរុញបន្ថែម ដែលស្របគ្នានឹងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ឱ្យកាន់តែរីកចម្រើនផងដែរ៕

To Top