សម្តេចធិបតី ៖ អូស្ត្រាលី ចូលរួមចំណែកស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលីបានចូលរួមចំណែក ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ក្នុងជំនួបជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតី វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា-អូស្ត្រាលី នាពេលកន្លងមក។ សម្ដេចធិបតីថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ , កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការកសាងមូលធនមនុស្សរបស់កម្ពុជា។
សម្ដេចធិបតីលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្ដ្រាលី ដែលមិនត្រឹមតែសម្រួល ដល់ប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានក្នុងការ តភ្ជាប់សហគមន៍ធុរកិច្ចខ្មែរនៅប្រទេសអូស្ដ្រាលី ជាមួយនឹងប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប, នាយករដ្ឋមន្ត្រីអូស្ត្រាលី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យជាច្រើន ជាពិសេសការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជា នាកន្លងមក និងបានកត់សម្គាល់អំពីភាពរស់រវើក និង វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញនូវការប្ដេជ្ញារួមគ្នា ក្នុងការបន្តពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មី៕
