ព័ត៌មានជាតិ

សម្តេចធិបតី គាំទ្រសិង្ហបុរី ធ្វើជាប្រធាន អាស៊ានប្តូរវេន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគាំទ្រសិង្ហបុរី ដែលនឹងទទួលធ្វើជាប្រធានប្តូរវេន របស់អាស៊ានសម្រាប់ឆ្នាំ២០២៧ ខាងមុខឱ្យទទួលបានជោគជ័យ ។

ក្នុងជំនួបជាមួយលោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នៅទីក្រុងម៉ានីល សម្តេចធិបតី ពេញចិត្តចំពោះវឌ្ឍនភាព ជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្ដេចធិបតីអបអរសាទរ និងគាំទ្រសិង្ហបុរី ដែលនឹងទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។

សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជា-សិង្ហបុរី នឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី គូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់សិង្ហបុរី ក្នុងការបន្តជំរុញសន្ទុះ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

To Top