កម្ពុជា-ឡាវ-វៀតណាម បន្តពូនជ្រំ ទំនាក់ទំនងជាប្រពៃណី និងអ្នកជិតខាងល្អឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញារួមគ្នា ក្នុងការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អឱ្យកាន់តែរឹងមាំ តម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ។
នេះជាការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង លោក ជិន ថាញ់មិន ( Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ ក្នុងពេលអាហារពេលព្រឹកនៅហ្វីលីពីន នៅក្នុងឱកាសអញ្ជើញចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧។
នៅក្នុងជំនួបនេះ បានជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិត ជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យា ដើម្បីលើកម្ពស់ ផលប្រយោជន៍ប្រជាពលរដ្ឋ។ ទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងបីមិនត្រឹមផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជននៃប្រទេសនោះទេ តែបានផ្តល់ផលប្រយោជន៍ដល់តំបន់និងសកលលោក ផងដែរ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងបី បានវាយតម្លៃខ្ពស់ចំពោះប្រពៃណីដ៏ល្អប្រពៃ ដែលបានរួមគ្នាបង្កើតឡើង ក្នុងការឆ្លៀតគ្រប់ឱកាសដើម្បីជួបពិភាក្សាការងារជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងនៅគ្រប់វេទិកាពហុភាគីនានា គឺជាសក្ខីភាពដ៏រស់រវើកនៃទំនុកចិត្តនយោបាយ និងចំណងមិត្តភាពជាបងប្អូន ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសនាឱកាសនេះ ក្នុងក្របខ័ណ្ឌរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី៕
