វិទ្យាស្ថាន RPITST នៃក្រសួងការងារប្រកាស ផ្ដល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២លើវិស័យសំណង់ សម្រាប់អតីតពលករជាង ៨០០នាក់
តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់ការធ្វើតេស្តជំនាញ RPL ជំហានទី២ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើវិស័យសំណង់ជាង ៨០០នាក់ ចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

បើយោងតាមលោក ធូ សុភាព នាយកនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានបេក្ខជនសរុបចំនួន ២៣៣នាក់បានចូលរួមធ្វើតេស្តក្នុងជំហានទី២នេះ។ ការធ្វើតេស្តត្រូវបានរៀបចំឡើងលើជំនាញចំនួន ១១មុខជំនាញដោយឥតគិតថ្លៃ ដោយរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងជំនួស។

ជំនាញទាំង១១នោះរួមមាន៖ ការងារកំបោរ, ការងារការ៉ូ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក, ការផ្សារអគ្គិសនី, ការលាបថ្នាំអគារ, ការងារបេតុង, និងការដំឡើងដំបូល។

ទន្ទឹមនឹងនេះ លោក ធូ សុភាព បានបញ្ជាក់ផងដែរថា «អត្ថប្រយោជន៍នៃការទទួលស្គាល់ជំនាញ
ពលករជាច្រើនមានជំនាញពីការងារជាក់ស្ដែងរាប់ឆ្នាំ ប៉ុន្តែគ្មានឯកសារបញ្ជាក់។ ជំនាញដែលមានឯកសារបញ្ជាក់ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ចរចាតួនាទី និងប្រាក់ខែខ្ពស់ជាងមុន»។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងសាកសួរតាមរយៈលេខទូរស័ព្ទ ០៣២ ២១០ ១០២/ ០៧៧ ៨៥៧ ៥១៨/ ០១៦ ៤៧៧ ៧៨២ ឬអញ្ជើញទៅកាន់ទីតាំងដោយផ្ទាល់របស់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕






