Feature

លោក ប៉ែន បូណា ៖ ការទូតដ៏សកម្ម របស់រាជរដ្ឋាភិបាល ផ្ញើសារទៅពិភពលោកថា កម្ពុជា តូច តែស្រឡាញ់សន្តិភាព

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សកម្មភាពការទូត ដ៏សកម្មរស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារដ៏សំខាន់ និងដ៏ច្បាស់លាស់ទៅកាន់ពិភពលោកថា កម្ពុជាជាប្រទេសតូចមែន តែស្រឡាញ់សន្តិភាព ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាបច្ចុប្បន្នមានចំណង ទាក់ទងជាមួយបណ្ដាប្រទេសនានា នៅគ្រប់ជ្រុងជ្រោយនៃពិភពលោក និងមានសកម្មភាពការទូតយ៉ាងសកម្ម និងរស់រវើក ដូចដែលបានលើកឡើងខាងលើ ។

អ្នកនាំពាក្យបន្ថែមថា “តាមរយៈសកម្មភាពការទូតដ៏សកម្មរស់រវើកនេះ កម្ពុជាបានផ្ញើសារដ៏សំខាន់និងដ៏ច្បាស់លាស់ទៅកាន់ពិភពលោក នោះគឺ កម្ពុជាជាប្រទេសតូចមែនតែស្រឡាញ់សន្តិភាព។ កម្ពុជាមានបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបង្កើតបានសន្តិភាពដ៏ពេញលេញនិងយូរអង្វែង ជូនប្រទេសជាតិនិងប្រជាជន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប” ។

លោកបញ្ជាក់ថា កម្ពុជាប្រកាន់នយោបាយការទូតច្បាស់លាស់ និងចាស់ទុំ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី និងមានការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធ ។ កម្ពុជាគោរព និងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ ការសន្ទនា ពហុភាគីនិយម និងសណ្ដាប់ធ្នាប់ពិភពលោក។ កម្ពុជាត្រូវការកសាងមិត្តភាពដោយស្មើមុខមាត់គ្នាជាមួយបណ្ដាប្រទេសនានាទាំងអស់ដើម្បីផលប្រយោជន៍រួម៕

To Top