ព័ត៌មានជាតិ

កម្ពុជា និងសហភាពអឺរ៉ុប ពង្រឹងកិច្ចប្រតិបត្តិការវិស័យឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនអឺរ៉ុប សហការបង្កើតគម្រោងស្រាវជ្រាវ និងនវានុវត្តន៍រួមគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មកម្ពុជា និងបង្កើតឱកាសសម្រាប់អ្នកស្រាវជ្រាវវ័យក្មេង។

ថ្លែងក្នុងពិធីបើកវេទិកាសន្ទនាសាកលវិទ្យាល័យកម្ពុជា-សហភាពអឺរ៉ុប ឆ្នាំ២០២៦  លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់នៃការពង្រឹងភាពជាដៃគូនេះថា៖ “កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប គួរផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងភាពប្រកួតប្រជែងរបស់កម្ពុជា។”

វេទិកានេះត្រូវបានរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសាកលវិទ្យាល័យ ស្ថាប័ន និងក្រុមហ៊ុនអឺរ៉ុបជាង ៧០ ព្រមទាំងដៃគូកម្ពុជា។

លោក ញឹម ខេមរា ក៏បានរំលេចអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឧស្សាហកម្ម បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រចំណីអាហារ និងការកែច្នៃកសិផល។

រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងតាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ។ ក្រសួងឧស្សាហកម្មក៏កំពុងជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋ សាកលវិទ្យាល័យ និងវិស័យឧស្សាហកម្ម ដើម្បីឱ្យការស្រាវជ្រាវឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស និងជួយសហគ្រាសកម្ពុជាឱ្យអនុវត្តបច្ចេកវិទ្យាថ្មីៗ៕

To Top