ព័ត៌មានជាតិ

ទូតអាមេរិក ប្រាប់សម្តេចធិបតីថា លោក ត្រាំ នៅតែបន្តយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោក Christopher Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ។

ការលើកឡើងរបស់នេះ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនៅថ្ងៃទី១៨ វិច្ឆិកា ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជាបញ្ជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជា នៅមានកាលានុវត្តភាពជាច្រើនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងអាណត្តិការទូតរបស់លោក លោកឯកអគ្គរដ្ឋទូត ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចធិបតីថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយសហរដ្ឋអាមេរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ និងការបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ៕

To Top