ព័ត៌មានជាតិ

ក្រសួងការងារ និងធនាគារពិភពលោក បើកដំណើរការផែនការអភិវឌ្ឍន៍ TVET ផ្សារភ្ជាប់នឹងឧស្សាហកម្ម និងពង្រឹងការឆ្លើយតបបន្ទាន់ ដើម្បីលើកកម្ពស់ជំនាញ និងផលិតភាពកម្លាំងពលកម្មកម្ពុជា

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ផែនការអភិវឌ្ឍន៍ផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្ម” របស់គ្រឹះស្ថានអនុវត្តគម្រោង និងការអនុវត្តសមាសធាតុទី៥ សម្រាប់ការឆ្លើយតបនឹងហេតុការណ៍បន្ទាន់នៃគម្រោង “ជំនាញដើម្បីការងារកាន់តែប្រសើរ” (SBJ) ព្រមទាំងធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងគ្រឹះស្ថានអនុវត្តគម្រោងចំនួន៥ និងដៃគូវិស័យឯកជនចំនួន១៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង CAMFEBA មូលនិធិអភិវឌ្ឍន៍ជំនាញ ក្រុមប្រឹក្សាជំនាញតាមវិស័យ និងសហគ្រាសជាដៃគូជាដើម។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះធនាគារពិភពលោកដែលបានបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ជាពិសេសតាមរយៈការពង្រីកការគាំទ្រដ៏មានតម្លៃមកកាន់វិស័យ TVET។ ពិធីនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានពង្រឹងប្រព័ន្ធអភិវឌ្ឍជំនាញកម្ពុជាឱ្យកាន់តែមានគុណភាព ភាពបត់បែន និងឆ្លើយតបតាមតម្រូវការឧស្សាហកម្ម ព្រមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជំនាញ។ គម្រោង SBJ ដែលត្រូវបានអនុវត្តក្នុងរយៈពេលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ក៏ជាសមិទ្ធផលធំមួយ ដោយសារជាគំនិតផ្តួចផ្តើមដំបូងរបស់ក្រសួងក្នុងវិស័យអភិវឌ្ឍជំនាញ ដែលទទួលបានការគាំទ្រពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក។

លោកមានប្រសាសន៍ថា ផែនការអភិវឌ្ឍនេះផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់គ្រឹះស្ថាន TVET ដែលអនុវត្តគម្រោងទាំង៥ តាមរយៈការធ្វើទំនើបកម្មនូវកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបច្ចេកទេស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារទំនើប ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន ដោយមានការចូលរួមពីវិស័យឯកជន។ ផែនការនេះក៏បង្កើតយន្តការភាពជាដៃគូរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា កម្មវិធីបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង កាត់បន្ថយពេលវេលា និងចំណាយក្នុងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងផ្តល់ឱកាសដល់យុវជនទទួលបានការអនុវត្តជាក់ស្តែង ការហាត់ការនៅតាមសហគ្រាស និងជំនាញឯកទេសដែលមានតម្រូវការខ្ពស់ ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងអេឡិចត្រូនិកទំនើប។ ជាមួយគ្នានេះ ការដាក់ឱ្យអនុវត្តសមាសធាតុទី៥ ក៏ជាយន្តការឆ្លើយតបបន្ទាន់ដ៏សំខាន់មួយ ដើម្បីគាំទ្រកញ្ចប់អន្តរាគមន៍ទី២នៃ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” របស់រាជរដ្ឋាភិបាល។ 

ការសម្រេចឱ្យបាននូវចក្ខុវិស័យដ៏មានមហិច្ឆតានេះឱ្យក្លាយជាសមិទ្ធផលប្រកបដោយចីរភាព គឺទាមទារឱ្យមានការសម្របសម្រួល និងការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងដំណាក់កាលអនុវត្តគម្រោង ក្រសួងបានកំណត់អាទិភាពសំខាន់ៗ រួមមាន៖ ការពង្រឹងភាពជាដៃគូយ៉ាងសកម្មជាមួយវិស័យឯកជន, ការធានាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលា តាមរយៈអគ្គនាយកដ្ឋាន TVET, ការពង្រឹងវិន័យនិងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តការងាររបស់ក្រុមការងារគ្រប់អង្គភាពពាក់ព័ន្ធ និងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូយូរអង្វែងជាមួយធនាគារពិភពលោក។

លោកសង្កត់ធ្ងន់ថា ការវិនិយោគលើផលិតភាពធនធានមនុស្ស មានន័យថា ការផ្តល់ជូនយុវជននូវជំនាញដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង ត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត ព្រមទាំងបង្កើតឱកាសសិក្សាពេញមួយជីវិត។ នេះគឺជាកត្តាចាំបាច់ជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដែលកាន់តែជះឥទ្ធិពលពីនវានុវត្តឌីជីថល បច្ចេកវិទ្យាបៃតង និងការចល័តកម្លាំងពលកម្មជាសកល។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើបមួយដែលនឹងផ្តល់សមត្ថភាព និងជំនាញប្រកួតប្រជែងដល់យុវជន ផ្គត់ផ្គង់ធនធានមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពកម្រិតអន្តរជាតិដល់វិស័យឧស្សាហកម្មដែលជាកម្លាំងចាំបាច់ក្នុងការសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលធ្វើឱ្យគម្រោងនេះដំណើរការដោយរលូននិងទទួលបានជោគជ័យ។ 

នាឱកាសនេះ លោកស្រី Tania Meyer បានលើកឡើងថា គម្រោងនេះគាំទ្រដល់ចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា ការលើកកម្ពស់កំណើនសេដ្ឋកិច្ចផ្អែកលើផលិតភាព ការពង្រឹងភាពជាដៃគូរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ TVET និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្មករនិយោជិតដែលងាយរងគ្រោះ។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការគាំទ្រកម្ពុជាលើការអភិវឌ្ឍមូលធនមនុស្ស ការធ្វើបរិវត្តកម្មកម្លាំងពលកម្ម និងការសម្រេចមហិច្ឆតាសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ជំនាញកាន់តែប្រសើរ ការងារកាន់តែល្អប្រសើរ និងអនាគតកាន់តែរុងរឿងសម្រាប់យុវជនកម្ពុជា៕

To Top