នយោបាយ

Update៖ អាមេរិក បញ្ជាក់ជំហរ មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង កម្ពុជា

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា បានបង្ហាញជំហរយ៉ាងច្បាស់លាស់ថា អាមេរិកនឹងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ ខណៈលោកបញ្ជាក់ថា បេសកកម្មរបស់លោក ដើម្បីគាំទ្រ និងធ្វើជាដៃគូដ៏សំខាន់ របស់កម្ពុជាប៉ុណ្ណោះ ។

ក្រោយពីការមកដល់ទឹកដីកម្ពុជា របស់លោក Patrick Murphy លោកតែងតែបង្ហាញសកម្មភាពនានា ទាក់ទងទៅនឹងសង្គមជាតិកម្ពុជា ដោយមិនបានលើកឡើង ពីស្ថានភាពនយោបាយកម្ពុជាឡើយ ។ លោកបានអះអាងថា នឹងបន្តពង្រឹងទំនាក់ទំនង ជាមួយកម្ពុជាបន្ថែមទៀត ។

កាលពីសប្តាហ៍មុន លោកបានប្រគល់សារតាំង ថ្វាយព្រះមហាក្សត្រ។ ក្រោយពីការថ្វាយសារតាំង កាលពីថ្ងៃ២៣ តុលា លោកបានចូលជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។

ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៤ តុលានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ភាគីទាំងពីរពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការជាច្រើន ពិសេសវិស័យយោធា និងការផ្ដល់ជំនួយ ។ បញ្ហានេះលោកថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៀ បាញ ឧបនាយករដ្ឋមន្ត្រីការពារជាតិ និងលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យយោធា ។

លោក កុយ គួង បញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងជំហរ របស់សហរដ្ឋអាមេរិកលោក Patrick Murphy បានបញ្ជាក់ច្បាស់ណាស់ថា សហរដ្ឋអាមេរិក គ្មានគោលនយោបាយណា ជ្រៀតជ្រែកកិច្ចផ្ទៃក្នុង របស់ប្រទេសណាមួយទេ គឺជំហរសហរដ្ឋអាមេរិក។ ជាពិសេសដែលមានរូបលោក ជាតំណាងសហរដ្ឋអាមេរិក នៅកម្ពុជានេះ គឺជំហរសំខាន់ គឺមកដើម្បីគាំទ្រ ឬជាដៃគូដ៏សំខាន់របស់កម្ពុជា» ។

ទាក់ទិនបញ្ហាសិទ្ធិមនុស្ស និងលោក កឹម សុខា គឺភាគីទាំងពីរមិនបានលើកឡើងស៊ីជម្រៅនោះទេ គ្រាន់តែឧបនាយករដ្ឋមន្ត្រី ជម្រាបទូតអាមេរិកថា លោក កឹម សុខា ស្ថិតក្នុងដំណើរការនីតិវិធី របស់តុលាការសុទ្ធសាធ ។ ដោយឡែកការវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ក៏ភាគីកម្ពុជា-អាមេរិក មិនបានលើកយកពិភាក្សាគ្នាដែរ ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើង ពីបញ្ហាការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរមួយចំនួន ដែលអាមេរិកបានបញ្ជូនមកកម្ពុជាវិញ ។ បញ្ហានេះកម្ពុជា បានស្នើអាមេរិក ការកែប្រែ និងធ្វើវិសោធនកម្ម លើ MOU ស្ដីពីការបញ្ជូនពលរដ្ឋខ្មែរ ដើម្បីឲ្យពួកគេអាចមានឱកាស ជួបជុំគ្រួសារឡើងវិញ ព្រោះត្រូវផ្ដោតសំខាន់ លើគោលការណ៍មនុស្សធម៌ ។

ចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក លោកថា បានកើនឡើង ជាង៤ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអាមេរិក មានជិត៤ពាន់លានដុល្លារ និងនាំចូលមកកម្ពុជា មានជាង៤០០លានដុល្លារ ជាក់ស្ដែង ៤ខែដើមឆ្នាំ២០១៩នេះ ទំហំពាណិជ្ជប្រទេសទាំង២ មានជាង ១៦០០លានដុល្លារ ។ ដោយឡែកក្នុងមួយឆ្នាំៗ ភ្ញៀវទេសចរណ៍ អាមេរិកមកទស្សនា នៅកម្ពុជាមានជាង ២៥ម៉ឺននាក់ ៕ ដោយ៖ ខា ដា

To Top