ភ្នំពេញ ៖ ប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍប្រទេសចិនប្រចាំកម្ពុជា បានសុំបើកអង្គការសង្គមស៊ីវិលប្រចាំ នៅខេត្តព្រះសីហនុលើវិស័យអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសដឹកនាំប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍ចិន ចូលជួបសម្ដែងការគួរសមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា “ប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សុំបើកអង្គការសង្គមស៊ីវិល ប្រចាំនៅខេត្តព្រះសីហនុ លើវិស័យអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ និងសុំការផ្តល់អនុសាសន៍ល្អៗរបស់ឯកឧត្តមអភិបាលខេត្ត ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅជនបទ” ។
លោក ចាង ប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍប្រទេសចិន បានបញ្ជាក់ថា មូលនិធិរបស់លោក បង្កើតនៅឆ្នាំ២០១២ ផ្ដោតសំខាន់ទៅលើវិស័យអប់រំ សុខមាលភាព និងការងារសង្គមកម្ពុជា ហើយ បានចំណាយថវិកាអស់ ៣,៦០លានដុល្លារ។ ក្នុងនោះ សម្រាប់ខេត្តព្រះសីហនុចំនួន៤៥ម៉ឺនដុល្លារ សាងសង់សាលារៀនចំនួន៥រួចរាល់ គ្រោងបើកសម្ពោធដាក់ ដំណើរការចុងខែវិច្ឆិកា នេះ។
លោកឲ្យដឹងទៀតថា កន្លងមក មានអង្គការមិនមែនរដ្ឋាភិបាលមកពីបរទេសបំពេញការងារនៅកម្ពុជា ជាច្រើន ហើយលោកក៏ចង់ឲ្យសង្គមស៊ីវិលចិនមក ធ្វើការងារសង្គមនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រធានាធិបតីចិន និងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគ និងទេសចរណ៍ចិន មានទំនុកចិត្ត មកវិនិយោគកាន់តែច្រើនថែមទៀត ។
ជាការឆ្លើយតបលោក គួច ចំរើន ស្វាគមន៍ចំពោះប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍ចិន ក្នុងការបើកអង្គការ។
លោកបញ្ជាក់ថា ច្បាប់កម្ពុជា មិនមានការរើសអើង ហើយក៏បានធ្វើសមាហរណកម្មជាមួយអាស៊ាន និង ចិន ធ្វើឲ្យទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាកាន់តែ មានការល្អប្រសើរឡើង៕
ដោយ៖ ធី លីថូ