ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើបណ្តាមេដឹកនាំអាស៊ាន និងប្រទេសអាស៊ានបូកបី បង្កើនការយកចិត្តទុកដាក់ លើការពង្រឹង កិច្ចសហប្រតិបត្តិការ លើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិបន្ថែម តាមរយៈការចែករំលែកបទពិសោធន៍នានា។
ក្នុងឱកាសចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា មេដឹកនាំអាស៊ាន និងប្រទេសបូកបី(ចិន-ជប៉ុន-កូរ៉េ) បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានានាដែលទាក់ទិន ទៅនិងវិស័យសុខាភិបាល បញ្ហាជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធផ្សេងៗ ដែលមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូចគ្នា។
សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ខ្ញុំសូមស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់ លើការពង្រឹង កិច្ចសហប្រតិបត្តិការលើកិច្ចការ ពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាមរយៈ ការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាព ជួយអភិវឌ្ឍន៍ធនធានមនុស្ស ដល់ ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការ នូវការពង្រឹងសមត្ថភាពលើវិស័យនេះ” ។
ក្នុងឱកាសនោះ មេដឹកនាំអាស៊ានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបីសម្រេចបាន ក្នុងរយៈជាង២០ឆ្នាំកន្លងទៅ ពិសេសការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយនឹងប្រទេសបូកបី។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបីកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លារ ស្មើ៣១,៦ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-បូកបី លើកទី២២នេះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំ កំពូលអាស៊ានបូកបីលើកទី២២ អនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពី ការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់ ៕ ដោយ៖ធី លីថូ