នយោបាយ

ពេជ្រ ស្រស់ មិនខ្វល់ពី សម រង្ស៊ីចូលស្រុកថ្ងៃ៩ វិច្ឆិកាទេ

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហាញអារម្មណ៍ពិតថា លោកមិនខ្វល់ពីការវិលចូល ស្រុកវិញរបស់លោក សម រង្ស៊ីនោះទេ សំខាន់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ គឺលោកដឹងតែចូលរួមចូលរួមជាមួយ ព្រះមហាក្សត្រខ្មែរដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ។

លោកបានលើកឡើងក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ វិច្ឆិកា ថា “ខ្ញុំអត់ខ្វល់ទេនរណាមក ឬមិនមក នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺខ្ញុំចូលរួមជាមួយ ព្រះមហាក្សត្រខ្មែរយើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ។ បើសិនជាមានក្រុមណាមួយចង់អុក ឡុកថ្ងៃបុណ្យឯករាជ្យជាតិនេះ ហើយរដ្ឋាភិបាលបង្រ្កាបមិនបាន គឺជាចំណុចអសមត្ថភាពនៃរដ្ឋាភិបាល មិនមែនពួកក្រុមអុកឡុក ទាំងអស់នោះខ្លាំងទេ ដោយសារថ្ងៃបុណ្យជាតិ មិនមែនបុណ្យ សម្រាប់បក្សណាមួយឡើយ គឺជាពិធីបុណ្យសម្រាប់ជាតិ ខ្មែរមួយទាំងមូល” ។

លោកបន្តថា ក្នុងន័យនេះរាជរដ្ឋាភិបាលត្រូវតែការពារព្រះមហាក្សត្រ ការពារពិធីបុណ្យជាតិ ជាពិសេសការពារថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីឲ្យមានសុខសុវត្ថិភាព នឹងបង្ហាញដល់ពួកអមិត្តថា កម្ពុជាមានឯករាជ្យត្រឹមត្រូវកុំចង់មកត្រួតត្រា ៕

To Top