ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា ពិធីនេះ គឺមានការចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ជាពិសេសមន្ត្រីនៃក្រសួងផែនការ និងដៃអភិវឌ្ឍន៍នានាផងដែរ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕