នយោបាយ

លិខិតមិត្តអ្នកអាន៖ “ លាហើយក្បួនភូត “ម៉ឺន ឆ្នាំ” របស់លោកប្រធាន!

ជាច្រើនលើកមកហើយដែល លោកប្រធាន ក្រឡាស់សម្តីក្រោម ហេតុផលដែលមិនគួរជឿ ឬតាមរបៀប កំប្លែង។ ប៉ុន្តែ ខ្ញុំក៏ដូចជាអ្នកគាំទ្រ ជាច្រើនទៀតនៅតែចិញ្ចឹមចិត្តគាំទ្រនិងបន្តចាំមើលក្រែង មានថ្ងៃណាមួយដែល ពាក្យសន្យាបានក្លាយជាការពិត។ លើកនេះ ខ្ញុំខំតាមដាននិងដាក់ចិត្តជឿ ម្តងទៀតថា លោកប្រធាននឹងមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។ លោកប្រធានអះអាងពីផែនការដ៏ល្អិតល្អន់ និងពីសេណារីយោជាច្រើនដែលត្រូវបានរៀបចំដើម្បីធ្វើយ៉ាងណាឲ្យលោក ប្រធានមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា។
ប៉ុន្តែ នៅល្ងាចថ្ងៃទី ៧ វិច្ឆិកា ពេលដែលខ្ញុំខំទន្ទឹងរង់ចាំដំណឹងល្អពី លោកប្រធានប្រកាស
តាមហ្វេសប៊ុក ខ្ញុំបែរជាធ្លាក់ថ្លើមក្តុកពីព្រោះអ្វីដែលលោក ប្រធានប្រកាសប្រាប់អ្នកគាំទ្រនោះគឺ ការពន្យារពេលនៃការ វិលត្រឡប់ដោយមូលហេតុ សំបុត្រយន្តហោះដែលជាមូលហេតុ រាក់កំភែល។

លោកប្រធានប្រហែលបានជ្រាបហើយថា ថៃមិនអនុញ្ញាត ឲ្យលោកប្រធានចូលទឹកដីរបស់គេទេ ដូច្នេះ បើគ្រាន់តែគិតលេងៗ ក៏ខ្ញុំអាចយល់បានដោយ ងាយដែរថា លោកប្រធានមិនបាច់ខាតពេលទៅ ព្រលានយន្ត ហោះតាមជើងហោះ ហើរទៅកាន់ប្រទេសថៃនោះឡើយព្រោះពេលវេលា កាន់តែកៀកណាស់ទៅហើយ។ លោកប្រធានគួរតែប្តូររកច្រកថ្មីក្រៅពីក្រុមហ៊ុនថៃ និងក្រៅពីទិសដៅ ទៅចុះចតនៅលើទឹកដីថៃ។ ដូច្នេះ តើហេតុអ្វីបានជាលោក ប្រធានចាំដល់ថ្ងៃ ៧ វិច្ឆិកា ទៅ ហើយទើបទៅព្រលានយន្ត ហោះតាមជើងហោះហើរទៅប្រទេស ថៃទៀត? ម្យ៉ាងទៀត បើទោះជាអាជ្ញាធរថៃមិនឲ្យចូល ក៏ក្រុមហ៊ុនយន្តហោះនេះមិនគួរ ហាមឃាត់លោកប្រធាន មិនឲ្យជិះយន្តហោះដែរ ពីព្រោះសំបុត្រ យន្តហោះបានទិញរួចទៅហើយនោះ? រឿងឲ្យចូល មិនឲ្យចូលចាំទៅ ដល់ព្រលានដឹងហើយដូចលោកស្រី មួរ សុខហួរ ធ្លាប់បានទៅម្តងហើយតែ ពេលទៅដល់បានគេហាមមិនឲ្យចូល។ ចុះហេតុអីបានជាគេហាមលោក ប្រធានតាំងពីដើមទី? ឬមួយលោកប្រធានមិនបានទិញសំបុត្រយន្តហោះដូចគេថាមែន?

បញ្ហាងាយៗមួយទៀតដែលគួរតែធ្វើបាន តែលោកប្រធានមិនធ្វើ៖ គេអាចទិញសំបុត្រយន្តហោះពីក្រុមហ៊ុនអឺរ៉ុប ដូចជា Air France ជាដើមហើយទៅចុះចត នៅប្រទេសផ្សេងក្រៅពីប្រទេសអាស៊ាន មុននឹងបន្តដំណើរចូលកម្ពុជា ព្រោះសព្វថ្ងៃនេះ មានជើងហោះហើរត្រង់ច្រើនណាស់ ឧទាហរណ៍ ពីតៃវ៉ាន់ រឺ ពីកូរ៉េ រឺ ពីជប៉ុនមកភ្នំពេញ ។ ហេតុអ្វីលោកប្រធានមិនព្រមធ្វើ ហើយបែរជាចង់ទៅថៃដែល គេហាមឃាត់ទៅវិញ? ឬមួយលោកប្រធានមិនចង់មកដូចគេថាមែន? រហូតដល់យប់ថ្ងៃទី ៧ វិច្ឆិកា ទៅហើយទើបលោកប្រធានចេញមកប្រកាសថា ពន្យារពេលទាំងកណ្តាល ទីដែលធ្វើឲ្យខ្ញុំនិងអ្នកគាំទ្រជាច្រើនទៀតហួសចិត្តនិងខកចិត្តស្ទើរធ្លាក់ ថ្លើមដល់ដីពីព្រោះលោក ហ៊ុន សែន ទើបតែនិយាយចំអកឲ្យលោកប្រធាន កាលពីព្រឹកម្សិលមិញថា លោក ប្រធាននឹងប្រកាសពន្យារពេលដោយយកលេសថា មកពីគេមិនឲ្យចូលដីថៃ។ លុះល្ងាចឡើងស្រាប់តែលោកប្រធានប្រកាស ដូច្នោះមែន? ហេតុអីក៏ជួនគ្នាម៉្លេះ? តើអ្នកណាមិនខ្មាស់គេ? ម្យ៉ាងទៀត ពេលលោកប្រធានប្រកាសពន្យារពេលការ ធ្វើដំណើរ លោកស្រីមួរ សុខហួរ ឯណោះប្រកាសថា ផែនការ នៅដដែល។ ក្រែងលោកប្រធានអះអាងថា ក្រុមការងារទាក់ទង គ្នាគ្រប់ម៉ោង គ្រប់នាទីនោះអី? ហេតុអីក៏មិនយល់គ្នាបែបនេះ? ឬមួយលោកប្រធានជាមនុស្សអត្តនោម័តចូលចិត្តធ្វើអ្វី តែម្នាក់ឯងដូចគេថាមែន? ហើយចុះឯណាតំណាងរាស្ត្រអឺរ៉ុបតំណាងរាស្ត្រអាមេរិក ដែលលោកប្រធានថានឹងហែរហម លោកប្រធានមកកម្ពុជានោះ? ពួកគេនៅឯណាបានជា មិនឃើញម្នាក់សោះអ៊ីចឹង? ឬមួយលោកប្រធានបោកពួកខ្ញុំអ្នកគាំទ្រដូចគេថាមែន?

ឥឡូវនេះយប់ថ្ងៃទី ៨ វិច្ឆិកា ទៅហើយៗលោកប្រធានកំពុងតែ នៅប្រទេសបារាំងនៅឡើយ ! តើធ្វើម៉េចអាចមក ដល់ស្រុកខ្មែរថ្ងៃទី ៩ វិច្ឆិកា បាន? ឬមួយលោកប្រធានបោក ឲ្យអ្នកគាំទ្រនិងសកម្មជនចូលមក ឲ្យអាជ្ញាធរចាប់ខ្លួនជំនួសលោក ប្រធានដូចគេថាមែន? តាមរយៈសំណួរងាយៗទាំងអស់នេះ ខ្ញុំមានអារម្មណ៍ឆ្អែតចិត្តជាពន់ពេកនិងស្តាយចិត្តណាស់ដែលខំ ជឿលោកប្រធានជារៀង រហូតមក។ អ្វីដែលធ្វើឲ្យខ្ញុំខកចិត្តបំផុតនោះគឺ ស្ទីលរបស់លោក ប្រធាននៅប្រើដដែលៗ គឺជាស្ទីលដែលគេបានដឹងមុននិងបានទាយទុក មុនស្ទើរគ្រប់គ្នាទៅហើយ តែលោកប្រធាន នៅតែប្រើវាដដែល។

និយាយតាមត្រង់ ចុងក្រោយនេះ ខ្ញុំសង្កេតឃើញអ្វីដែលលោក ប្រធានមានប្រសាសន៍ និងអ្វីដែលបានធ្វើ គឺប្រៀបដូចរឿងកំប្លែងតុក្កតា ឆ្មាកណ្តុរអ៊ីចឹង -Tom and Jerry – គឺទប់សំណើចមិនបាន។ ដូច្នេះ ខ្ញុំ សូមលាហើយក្បួនភូត «ម៉ឺនឆ្នាំ» របស់លោកប្រធាន៕
សូមផ្ញើចម្រៀងមួយបទជូនលោកប្រធានស្តាប់កម្សាន្ត ។ ពី : អ្នកគាំទ្របក្សសង្គ្រោះជាតិម្នាក់នៅរាជធានី ភ្នំពេញ

To Top