ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ក្រោយបញ្ចប់ជំនួបជាមួយ អគ្គរដ្ឋបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះមិនបានធ្វើបទសម្ភាសន៍ណាមួយ ជាមួយក្រុមអ្នកសារព័ត៌មាន ដែលកំពុងរង់ចាំយ៉ាងរហង់ នៅគេហដ្ឋានរបស់លោកនោះទេ។
លោក កឹម សុខា ដែលបានជូនដំណើរលោកស្រី អេវ៉ា ង្វៀន ប៊ិញ ដល់ទ្វារគេហដ្ឋានរបស់លោក មិនបានឆ្លើយតបទៅនឹងការចង់សម្ភាសន៍ផ្ទាល់មាត់នោះទេ។
លោក មុត ចន្ថា មន្រ្តីជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់អ្នកកាសែត ដោយពណ៌នា កិច្ចជំនួបនេះ ជាជំនួបធម្មតា និងការសាកសួរសុខទុក្ខមួយតែប៉ុណ្ណោះ។
លោក ចន្ថា បានថ្លែងថា “គាត់ខានជួបគ្នាយូរហើយ នេះគ្រាន់តែជាការជួបសំណេះសំណាលធម្មតា។ ជជែកគ្នា ជាលក្ខណៈផ្លាស់ប្តូរមនោសញ្ចេតនាគ្នាទៅវិញទៅមក និងគ្រាន់តែសម្តែងការនឹករលឹកគ្នាទៅវិញទៅមក។”
លោក មុត ចន្ថា បានបដិសេធផងដែរថា មិនមានការជជែកវែកគ្នា អំពីបញ្ហាEBA នោះទេ ហើយគ្រាន់តែ “លោក កឹម សុខា ថ្លែងអំណរគុណដល់រដ្ឋាភិបាលបារំាង និងលោកស្រីឯកអគ្គរដ្ឋទូតអំពីដំណើការជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យ និងការស្វែងរកសិទ្ធិសេរីភាព និងការថ្លែងអំណរគុណ ដល់ស្រីលោកទូត ដែលបានជួយស្វែងរកយុត្តិធម៌ជូនដល់រូបគាត់”។
បន្ថែមលើសពីនេះ លោក មុត ចន្ថា ក៏បានបដិសេធមិនទាន់បង្ហើបអំពីកម្មវិធីដែលត្រូវទៅជួបអ្នកគាំទ្ររបស់លោក កឹម សុខានោះទេ ដោយលោកបញ្ជាក់ថា “លោក (កឹម សុខា) នឹងជម្រាបជូននាពេលក្រោយ”។
ការសម្រួលលក្ខខណ្ឌរបស់តុលាការនេះ ត្រូវបានលោកមុត ចន្ថា អះអាងតាមការលើកឡើងរបស់លោក កឹម សុខា និងមេធាវីរបស់លោកថា “នេះគឺជាជំហានវិជ្ជមានមួយ”៕
ដោយ: សយ សុភា