នយោបាយ

លោក ព្រាប កុល បកស្រាយនូវចំណុច២ របស់អាមេរិកដែលមានគោលជំហរ មកលើកម្ពុជា

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក្រោយឃើញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូលណាល់ ត្រាំ មានគោលជំហរលើកម្ពុជា លោកបានបកស្រាយដោយអះអាងលើការប្រើចំណេះដឹងផ្នែកការទូត ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលជួបសម្តែងការគួរសម ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ តាមរយៈលោកទូតអាមេរិកលោកដូលណាល់ ត្រាំ បានបង្ហាញខ្លឹមសារសំខាន់ៗពីរយ៉ាងផ្ញើជូនចំពោះសម្តេចតេជោ។ ខ្លឹមសារពីរយ៉ាងនោះ រួមមាន ៖ អាមេរិកគាំទ្រកម្ពុជាក្នុងបុព្វហេតុថែរក្សា និងការពារអធិបតេយ្យភាពរបស់កម្ពុជា និង អាមេរិកមិនគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជាឡើយ។

លោក ព្រាប កុល បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ២២ វិច្ឆិកា ថា សូមប្រើចំណេះដឹងការទូតបន្តិចបន្តួច ដើម្បីស្វែងយល់ពីខ្លឹមសាររបស់អាមេរិក តាមលំនាំ និងទម្រង់ភាសាអ្នកការទូត ហើយយល់ឃើញថា ខ្លឹមសាររបស់អាមេរិកមានអត្ថន័យបង្កប់ ដូចខាងក្រោមនេះ ៖

ខ្លឹមសារទី១ អាមេរិកគាំទ្រកម្ពុជា ក្នុងបុព្វហេតុថែរក្សា និងការពារអធិបតេយ្យភាពរបស់កម្ពុជា៖ តើមានអត្ថន័យយ៉ាងដូចម្តេច?

លោកថា ស្តាប់មួយភ្លែតហាក់ដូចជា អាមេរិកគាំទ្រយុទ្ធនាការការពារអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រឆាំងទៅនឹងអ្វីដែលរដ្ឋអំណាចយល់ថា ជាការជ្រៀតជ្រែក របស់លោកខាងលិច។ នេះជាភាសាកាទូតដ៏សមស្រប និងត្រឹមត្រូវ ក្នុងក្របខណ្ឌនយោបាយការបរទេសរបស់អាមេរិក។ ប៉ុន្តែន័យបង្កប់បែបការទូត គឺថា អាមេរិកបានកំពុងបង្ហាញខ្លួនមានការបារម្ភចំពោះកម្ពុជា ដែលផ្តេកផ្តួល អាចរងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាលពីចិន ដែលនេះអាចត្រូវបានអាមេរិកមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងការ បាត់បង់អាធិបតេយ្យភាពដោយសារអំណាចគ្របដណ្តប់ របស់មហាអំណាចចិន។

ចំពោះខ្លឹមសារទី២វិញ លោកថា អាមេរិកមិនគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជាឡើយ៖ បើមើលមួយភ្លែត អ្នកខ្លះយល់ថា អាមេរិកមិនគាំទ្រឲ្យមានការ ផ្លាស់ប្តូររបបដឹងនាំបច្ចុប្បន្ន។ ប៉ុន្តែតាមន័យបង្កប់បែបការទូត គឺអាមេរិកចង់មានន័យថា ខ្លួនមិនគាំទ្រឲ្យមានការផ្លាស់ប្តូររបបប្រជាធិបតេយ្យសេរីពហុបក្ស ឲ្យទៅជារបបគុម្មុយនីស ឬរបបផ្តាច់ការឡើយ ។

លោកព្រាប កុល បញ្ជាក់ថា “តាមរយៈនេះ ខ្ញុំសម្គាល់ឃើញថា អាមេរិកបានប្តូរឥរិយាបទ ពីការប្រើភាសាត្រង់ៗ និងឥតសំចៃមាត់ មកប្រើភាសារការទូត ទន់ភ្លន់ ប្រហាក់ប្រហែលជប៉ុន ដែលនេះជាការវិវត្តន៍ថ្មី” ។

លោកអះអាងថា ទោះជាយ៉ាងក៏ដោយ កម្ពុជាមិនត្រូវធ្វើតាមបំណងរបស់បរទេសណាមួយឡើយ មិនថាពួកគេមកពីលោកខាងលិច ឬលោកខាងកើតនោះទេ។ អ្វីដែលកម្ពុជាគួរធ្វើ គឺគោរពតាមរដ្ឋធម្មនុញ្ញ ហើយត្រូវងាកមករក គន្លងប្រជាធិបតេយ្យពិតប្រាកដ ដោយឈរលើគោលការណ៍សាមគ្គីជាតិ និងឯកភាពជាតិ។ កម្ពុជាត្រូវរក្សាជំហរអព្យាក្រិត និងមានទំនាក់ទំនងល្អ ជាមួយគ្រប់ប្រទេស ដោយយកមូលដ្ឋានផលប្រយោជន៍កម្ពុជាជាគោល ៕

To Top