ភ្នំពេញ៖ លោក មូន ជេអុីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានថ្លែងថា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន គឺជាគន្លឹះដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន មានដូចជានយោបាយគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តឧស្សាហកម្មទី៤ជាដើម។ នេះបេីយោងតាម AKP ។
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ បានចាប់ផ្តើមនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ ដែលមានបណ្ដាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសអាស៊ានរួមទាំងអគ្គលេខាធិការ យាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ខណៈដែលកម្ពុជាត្រូវបានអញ្ជើញចូលរួមដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ បានសម្ដែងនូវសេចក្តីពេញចិត្ត ចំពោះការរីកចម្រើនជាវិជ្ជមាន នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងរយ:ពេល៣០ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងដៃគូសន្ទនា នៅឆ្នាំ១៩៨៩។ មេដឹកនាំទាំងអស់ បានឯកភាពកសាងសហគមន៍ សន្តិភាព និងវិបុលភាពមួយ ដោយយកប្រជាជនជាស្នូលដែលផ្អែកលើគោលដៅរួមនៃចក្ខុវិស័យ អាស៊ាន នៃសហគមន៍មួយ ដែលមានសមាហរណកម្ម សន្តិភាព និងស្ថិរភាព ដែលប្រកបដោយវិបុលភាពរួម សម្រេចបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែង នៅក្នុងតំបន់ តាមរយ:កិច្ចខិតខំប្រឹងប្រែងរួមគ្នា។
ទន្ទឹមនេះ បង្កើនកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណី ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងអំពើហិង្សាជ្រុលនិយម និងពង្រឹងថែមទៀតនូវ កិច្ចសហប្រតិបត្តិការសន្តិសុខបណ្តាញអ៊ីនធើណែត ដើម្បីកសាងលំហអ៊ីនធើណែតមួយ ឱ្យមានលក្ខណ:បើកចំហ ប្រកបដោយសុវត្តិភាព ស្ថិរភាព អាចប្រើប្រាស់បាន និងប្រកបដោយសន្តិភាព រួមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់។
ជាមួយគ្នានេះ លើកកម្ពស់សន្តិសុខ និងសុវត្តិភាពលំហសមុទ្រ សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងនិងនៅលើតំបន់ និងការប្រើប្រាស់ច្បាប់សមុទ្រដទៃទៀត ការធ្វើពាណិជ្ជកម្មតាមលំហសមុទ្រស្របច្បាប់ ដោយគ្មានការរារាំង និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដែលទទួលស្គាល់ជាសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លើកស្ទួយ និងសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរួមមាន តាមរយ:យន្តការដែលនាំមុខដោយអាស៊ាន ដើម្បីគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងបង្កើតសន្តិភាពជាអចិន្រៃ្តយ៍នៅឧបទ្វីបកូរ៉េ ដោយលក្ខណ:សន្តិភាព ដែលនឹងនាំមកនូវសន្តិភាព សន្តិសុខ និងស្ថិរភាពទាំងស្រុង នៅក្នុងតំបន់ និងកត់សម្គាល់ដោយសេចក្តីកោតសរសើរ ចំពោះការត្រៀមខ្លួនរួចជាស្រេចរបស់អាស៊ាន ដើម្បីបន្តដើរតួនាទីស្ថាបនា ក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។
លើសពីនេះ មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាក្នុងការបង្កើតសហគមន៍អាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ជាមួយនិងមិត្តភាពយូរអង្វែង ក្នុងចំណោមប្រជាជន តាមរយ:ការពង្រឹងកិច្ចសន្ទនាវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងចំណងទាក់ទងមនុស្សជាតិ សង្គម និងវប្បធម៌ តាមរយ:ភាពជាដៃគូជាមួយនឹងផ្ទះវប្បធម៌អាស៊ាន និងមជ្ឈមណ្ឌលអាស៊ាន-សាធារណរដ្ឋកូរ៉េ។ លើកកម្ពស់ការយល់ដឹងទៅវិញទៅមកអំពីវប្បធម៌ចម្រុះ និងសម្បូរបែបរបស់អាស៊ាន រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ បង្កើនការយល់ដឹងអំពីអាស៊ាន លើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាកាន់តែខ្លាំងឡើងថែមទៀត ការផ្លាស់ប្តូរយុវជន និងប្រជាជននិងប្រជាជន។
ថ្លែងបើកកិច្ចប្រជុំនេះលោក មូន ជេអុីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន គឺជាគន្លឹះដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន មានដូចជានយោបាយគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តឧស្សាហកម្មទី៤ជាដើម។ លោកប្រធានាធិបតីបន្ដថា កិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ គឺជាព្រឹត្តិការណ៍ការទូតធំបំផុត ដែលនឹងកើតមានឡើងនៅក្នុងអាណត្តិការងារជាប្រធានាធិបតីរបស់ ឯកឧត្តម មូន ចេអ៊ីន ជាមួយការដាក់ចេញនូវ គោលនយោបាយឆ្ពោះទៅភាគខាងត្បូង។
ក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ មេដឹកនាំប្រទេសសមាជិកអាស៊ាន ត្រូវបានស្វាគមន៍យ៉ាងយកចិត្តទុកដាក់ បំផុតពីប្រធានាធិបតីកូរ៉េ ហើយកិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្ម ជាច្រើនត្រូវបានធ្វើឡើង។ ក្នុងកិច្ចចរចាពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ត្រូវបានបើកិច្ចចរចា ហើយកិច្ចចរចាបានឈានដល់កិច្ចព្រមព្រៀង និងចុះហត្ថលេខាជាមួយគ្នា ខណៈប្រទេសខ្លះទៀតគ្រោងចុះហត្ថលេខានៅឆ្នាំក្រោយ។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងចេញសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម ដើម្បីពង្រឹងភាពជាដៃគូ។ កិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម ស្តីពីកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ នឹងត្រូវបានចុះហត្ថលេខា។
បើតាមឯកសារដែលផ្តល់ដល់អ្នកសារព័ត៌មាន ភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ហើយភាគីទាំងពីរនឹងដាក់ចេញ នូវផែនការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀតនាពេលខាងមុខ។ ក្នុងឯកសារដដែលក៏បានបញ្ជាក់ពី ការប្តេជ្ញាចិត្តពីរដ្ឋាភិបាលរបស់ប្រធានាធិបតី មូន ចេអ៊ីន ចំពោះនយោបាយទិសខាងត្បូងថ្មី ដែលផ្តល់សារសំខាន់ចំពោះ អាស៊ានផងដែរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ដល់សមភាគីអាស៊ាន អំពីការបើកពិព័រណ៍ជំនួញ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងការផ្តើមអាជីវកម្មដំបូង ដែលនឹងត្រូវធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េនេះ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ពីគោលបំណង នៃការបង្ហាញកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតសហគមន៍ផ្តើមអាជីវកម្មកម្រិតពិភពលោក (global start-up ecosystem) រវាងភាគីទាំងពីរ។
ប្រធានាធិបតី មូន ជេអុីន និងមេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ បានឱ្យឈ្មោះសេចក្តីថ្លែងការណ៍នេះថា ជាចក្ខុវិស័យរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យ កាន់តែជិតស្និទ្ធបន្ថែមទៀត។ សេចក្តីថ្លែងការណ៍នេះ នឹងដើរតួជាយន្តការ នៃទំនាក់ទំនងនាពេលអនាគតរបស់អាស៊ាន និងសាធារណរដ្ឋកូរ៉េ ជាពិសេសវាគឺជាយន្តការជំរុញនូវគោលនយោបាយទិសខាងត្បូងថ្មី របស់ប្រធានាធិបតី មូន ចេអ៊ីន ដំណាក់កាលទី២ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ក្រៅពីនេះ អាស៊ាន និងកូរ៉េខាងត្បូង បានឯកភាពគ្នាគាំទ្រការចរចាដោយសន្តិវិធី និងសន្តិភាពក្នុងឧបទ្វីបកូរ៉េ។
ភាគីទាំងពីរក៏បានយល់ព្រមគ្នា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ការគាំទ្រលើផ្នែកសហគ្រាសខ្នាតតូចនិងមធ្យម និងការគាំទ្រលើបដិវត្ដន៍ឧស្សាហកម្មទី៤ជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ភេរវកម្ម និងការពង្រឹងកិច្ចសហការលើសន្តិសុខបច្ចេកវិទ្យាជាដើម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ក្នុងសន្និសីទនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម ដែលភាគីទាំងពីរជួបប្រទះគឺការគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តន៍ឧស្សាហកម្មទី៤៕