នយោបាយ

អារ៉ាប៊ីសាអូឌីត ទទួលស្គាល់ថា កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស (វីដេអូ)

ភ្នំពេញ៖ លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា បានកោតសរសើរ និងទទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងរីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក Saud F.M. Al Suwelim បានថ្លែងថា គោលបំណងរបស់អារ៉ាប៊ីសាអូឌីត ចង់ធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា ។

លោកមានប្រសាសន៍ថា “បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ តាមរយៈការរីកចម្រើននេះ ប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យ របស់ខ្លួនដែលកសាងប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ចំណែក សម្តេច សាយ ឈុំ ក៏បានស្នើអារ៉ាប៊ីសាអូឌីត ជំរុញអ្នកទេសចរខ្លួនមកទស្សនា កម្ពុជាឲ្យកាន់តែច្រើន និងជួយចលនាលើកទឹកចិត្តអ្នកវិនិយោគ អារ៉ាប៊ីសាអូឌីតមករកស៊ីនៅកម្ពុជា។ ទន្ទឹមនេះ កម្ពុជាមានតំបន់រមណីយដ្ឋានវប្បធម៌ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសទំហំសេដ្ឋកិច្ចមានការរីកចម្រើន ឈរលំដាប់ល្អក្នុងតំបន់អាស៊ាន៕

ដោយ៖ អេង ប៊ូឆេង

To Top