នយោបាយ

Full Story៖ កម្ពុជាចាត់ទុក កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ បញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាជាច្រើន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ និងទទួលបានផ្លែផ្កាជាច្រើន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ វិច្ឆិកានេះ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសេចក្ដីប្រកាស បានលើកឡើងថា នៅក្នុងសម័យប្រជុំអំពី «អាស៊ាន-សាធារណរដ្ឋកូរ៉េ ៣០និង៣០» ថ្នាក់ដឹកនាំបានពិនិត្យមើលឡើងវិញ នូវសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ និងបានកំណត់កិច្ចសហប្រតិបត្តិការ ពេលអនាគតសម្រាប់រយៈពេល ៣ទសវត្សរ៍ទៅមុខ។ ថ្នាក់ដឹកនាំក៏បានផ្លាស់ប្តូរ យោបល់គ្នាទៅវិញទៅមក សំដៅលើកកម្ពស់ការ តភ្ជាប់ឆ្ពោះទៅកាន់វិបុលភាព និងបន្តចូលរួមកិច្ចប្រជុំលក្ខណៈចង្អៀត ដើម្បីពិភាក្សាអំពីបញ្ហាសន្តិភាព នៅឧបទ្វីបកូរ៉េ។

ថ្នាក់ដឹកនាំអាស៊ាន បានអបអរសាទរចំពោះ គោលនយោបាយទិសខាងត្បូងថ្មីរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលកសាងឡើងដោយឈរលើសរសរស្តម្ភបី (3P) «ប្រជាជន វិបុលភាព និងសន្តិភាព» ដែលជាការពង្រឹងការផ្តោត គោលនយោបាយការបរទេស របស់សាធារណរដ្ឋកូរ៉េទៅកាន់អាស៊ាន។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់នូវ តួនាទីដ៏សកម្មរបស់សាធារណរដ្ឋកូរ៉េ នៅក្នុងការគាំទ្រមជ្ឈភាពអាស៊ាន តាមរយៈទំនាក់ទំនងយ៉ាងសកម្មរបស់ខ្លួន នៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដែលបានរួមចំណែក យ៉ាងសំខាន់ដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ថ្នាក់ដឹកនាំបានជំរុញឲ្យ មានកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំឡើងលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើ ភេរវនិយម គ្រឿងញៀន សន្តិសុខអ៊ិនធឺរណែត សន្តិសុខអាហារនិងថាមពល ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាដទៃផ្សេងទៀត។

ថ្នាក់ដឹកនាំបានកត់សម្គាល់នូវ ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ដែលឈរលើគោលការណ៍វិធានច្បាប់ និងចំពោះការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានជំរុញការបញ្ចប់ឲ្យ បានឆាប់ភាពជាដែគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងចំណោមប្រទេសដែលចូលរួមទាំង១៥ នៅដើមឆ្នាំក្រោយ។ ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរគុណចំពោះការ គាំទ្ររបស់សាធារណរដ្ឋកូរ៉េ នៅក្នុងដំណើរការសមាហរណកម្មតំបន់ និងការកសាងសហគមន៍អាស៊ាន តាមរយៈមូលនិធិសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងគំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាន។ ថ្នាក់ដឹកនាំបានទទួលស្គាល់ នូវការឈានមុខរបស់ សាធារណរដ្ឋកូរ៉េក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ និងបានលើកទឹកចិត្តឲ្យសាធារណរដ្ឋកូរ៉េ គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងការកសាងសមត្ថភាព ដើម្បីជួយដល់តំបន់ក្នុងការ កាត់បន្ថយគម្លាតឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់អំពីភាពចំបាច់ក្នុងការប្រែក្លាយ «សេចក្តីថ្លែងការណ៍រួម ស្តីពីអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្រាប់សន្តិភាព វិបុលភាព និងភាពជាដៃគូ» ឲ្យទៅជាសកម្មភាពពិតប្រាកដ ដែលនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុង «ផែនការសកម្មភាពថ្មី សម្រាប់រយៈពេល៥ឆ្នាំ (២០២១-២០២៥)»។ លោក បានជំរុញសាធារណរដ្ឋកូរ៉េឲ្យ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន តាមរយៈការចែករំលែក ចំណេះដឹង ការអនុវត្តល្អៗ និងជំនួយបច្ចេកទេស។ លោកក៏បានសម្តែងក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍បន្ថែមទៀត ពីជំនួយបច្ចេកទេសរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) និងឌីជីថលនវានុវត្តន៍ ដើម្បីកម្ពុជាអាចទទួលបាន ផលប្រយោជន៍ពីការវិវត្តបដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និងបានទទួលស្គាល់អំពីតួនាទី ដ៏សំខាន់របស់មជ្ឈមណ្ឌលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌អាស៊ាន ក្នុងការលើកកម្ពស់ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងអាស៊ាន និងនៅធារណរដ្ឋកូរ៉េ និងបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ឈ្មោះ «វិថីអាស៊ាន» លើផ្លូវប្រវែង២គីឡូម៉ែត្រ ដែលរៀបចំដោយសាលាក្រុងប៊ូសាន ក្នុងស្មារតីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។សម្រាប់សម័យប្រជុំ «ការលើកកម្ពស់ការតភ្ជាប់» ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញឲ្យសាធារណរដ្ឋកូរ៉េ លើកទឹកចិត្តក្រុមហ៊ុនរបស់ខ្លួន ឲ្យចូលរួមនៅក្នុងគម្រោងការតភ្ជាប់នានា នៅក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន ជាពិសេសនៅក្នុង វិស័យបណ្តាញទីក្រុងឆ្លាត ហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ និងការបណ្តុះបណ្តាល ជំនាញ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងសុខមាលភាពរបស់ប្រជាជន។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះការវិវឌ្ឍជាវិជ្ជមាន ដែលជាលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ និងជំនួបកំពូលអាមេរិក-សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងបានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគោលការណ៍ចំនួន៣ ដែលបានដាក់ចេញដោយ លោកប្រធានាធិបតី មូន ជេអ៊ីន គឺ «គ្មានការអត់អោនចំពោះសង្រ្គាម ការធានាសន្តិសុខទៅវិញទៅមក និងសហវិបុលភាព» និងការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ឆ្ពោះទៅរកដំណោះស្រាយ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅក្នុងឧបទ្វីបកូរ៉េ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ ថ្នាក់ដឹកនាំក៏បានអនុម័ត សេចក្តីប្រកាសទស្សនវិស័យរួម អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្រាប់សន្តិភាព វិបុលភាព និងភាពជាដៃគូ និងបានចេញសេចក្តីប្រកាស របស់សហប្រធាននៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ ។

ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី មូន ជេអ៊ីន និងថ្នាក់ដឹកនាំប្រទេសមេគង្គទាំងអស់ ដែលបានគាំទ្រគំនិតផ្តួចផ្តើម របស់សម្តេចតេជោហ៊ុនសែន ក្នុងការលើកកំពស់រចនាសម្ព័ន្ធការងារ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ពីកម្រិតប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ឈានដល់កម្រិតកិច្ចប្រជុំកំពូល។

ចាប់តាំងពីឆ្នាំ២០០៧មក ប្រជាជនកម្ពុជាជាង ៦១០០០នាក់ បានមានឱកាសធ្វើការ នៅកូរ៉េក្រោមប្រព័ន្ធការអនុញ្ញាតការងារ ខណៈកូរ៉េបានចូលរួមចំណែក ក្នុងការបង្កើនជំនាញរបស់ពួកគេ និងដែលអាចឲ្យពួកគេ អាចធ្វើការនៅក្នុងឧស្សាហកម្ម ដែលត្រូវការជំនាញខ្ពស់ នៅពេលដែលពួកគេត្រឡប់ មកប្រទេសវិញ ។

លោក ប្រាក់ សុខុន បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងមុតមាំចំពោះ «វេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េ» ដែលជាវេទិកាដ៏មានសារសំខាន់ និងផ្តល់ផលប្រយោជន៍ សម្រាប់ភ្ជាប់ទំនាក់ទំនងពាណិជ្ជករ ជាពិសេស សហគ្រាសធុនតូច និងមធ្យម នៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់ និងពិភពលោក។ លោកក៏មានសេចក្តីរីករាយ ដែលប្រទេសកម្ពុជាអាចទាញយក «មូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ» ដើម្បីអនុវត្តនៅក្នុងឆ្នាំនេះ នូវគម្រោងកសាងសមត្ថភាព លើការគ្រប់គ្រងមូលដ្ឋានទិន្នន័យភស្តុភារ ដែលមានគោលបំណងពង្រឹង ការតភ្ជាប់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយប្រទេសឡាវ និងវៀតណាម។

កិច្ចប្រជុំកំពូល បានអនុម័តថ្លែងការណ៍ស្តីពី ទន្លេមេគង្គនិងទន្លេហាន និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ដោយផ្អែកលើសសរស្តម្ភចំនួន៣ គឺ ប្រជាជន វិបុលភាព និងសន្តិភាព ដែលជាសសរស្តម្ភដ៏សំខាន់ របស់គោលនយោបាយទិសខាងត្បូងថ្មីផងដែរ ព្រមទាំងបានអនុម័តវិស័យអាទិភាពថ្មីចំនួន ៧ គឺ៖ ១.វប្បធម៌និងទេសចរណ៍ ២.ការអភិវឌ្ឍធនធានមនុស្ស ៣.កសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤.ហេដ្ឋារចនាសម្ព័ន្ធ ៥.ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាទូរគមនាគមន៍ ៦.បរិស្ថាន និង៧.បញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។ កិច្ចប្រជុំកំពូល បានឯកភាពរៀបចំកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ជារៀងរាល់ឆ្នាំ ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមានសាធារណរដ្ឋកូរ៉ និងប្រទេសមេគង្គមួយ ធ្វើជាសហប្រធាន។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៅថ្ងៃទី២៥ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលការចូលជួបលោក អូ កែដុន អភិបាលក្រុងប៊ូសាន និងបានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី កាង ឃ្យុងវ៉ា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ។

នៅក្នុងសវនាការ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ របស់រដ្ឋបាលក្រុងប៊ូសាន ក្នុងការរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលកាន់តែប្រសើរឡើង រវាងសាធារណរដ្ឋកូរ៉េ និងប្រទេសជាសមាជិក អាស៊ាន រួមមាន កម្មវិធីមហោស្រពអាហារអាស៊ាន កម្មវិធីរៀបចំដាក់ឈ្មោះ«វិថីអាស៊ាន» កម្មវិធីមហោស្រពភាពយន្តអាស៊ាន និងការដាក់សម្ពោធអគារ មជ្ឈមណ្ឌលសហគមន៍សម្រាប់ អ្នកស្នាក់នៅជាជនបរទេស។

លោកឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការគាំទ្រ និងស្វាគមន៍យ៉ាងពេញទំហឹង ចំពោះកិច្ចសហការរបស់ទីក្រុងប៊ូសាន ក្នុងការអភិវឌ្ឍឧស្សាហកម្មភាពយន្ត ការគ្រប់គ្រងកំពង់ផែ និងការអភិវឌ្ឍផែស្ងួតនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអភិបាលក្រុងប៊ូសាន បន្តផ្ដល់ការយកចិត្តទុកដាក់បន្ថែម ចំពោះសុខមាលភាពរបស់ប្រជាជនកម្ពុជាជាង ៩ពាន់នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងក្រុងប៊ូសាន។

ក្នុងជំនួបជាមួយលោកស្រី កាង ឃ្យុងវ៉ា ជាកិច្ចចាប់ផ្តើមលោកស្រី បានសម្តែងការសោកស្តាយ ដែលមិនអាចស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំងពីរ នៅទីក្រុងប៊ូសាន ដោយសារតែមាតាក្មេក របស់សម្តេចតេជោមានជំងឺធ្ងន់ធ្ងរ។ លោកស្រីបានពាំនាំនូវការជូនពរពី លោកប្រធានាធិបតី មូន ជេអ៊ីន ដែលជូនពរឲ្យមាតាក្មេករបស់សម្តេចតេជោ ឆាប់ជាសះស្បើយ។

ទន្ទឹមគ្នានោះលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការជូនពររបស់លោកប្រធានាធិបតី មូន ជេអ៊ីន ។ លោកឧបនាយករដ្ឋមន្រី្ត ក៏បានរំលឹកផងដែរអំពីទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយផ្លែផ្កា របស់ឯកលោកប្រធានាធិបតី មូន ជេអ៊ីន នៅកម្ពុជា កាលពីខែមីនាកន្លងទៅនេះ ដែលបានរួមចំណែកធ្វើឲ្យ ទំនាក់ទំនងទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ កាន់តែស៊ីជម្រៅថែមទៀត។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា លើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ជាច្រើនរួមមាន វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់ ហិរញ្ញវត្ថុ កសិកម្ម ថាមពល ការគ្រប់គ្រងកាកសំណល់ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ហើយបានសម្តែងក្តីរីករាយដែលភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចពន្ធ និង សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលមានសារៈសំខាន់សម្រាប់សម្រួលទំនាក់ទំនងរវាងប្រជាជន និងរវាងធុរកិច្ចនៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យកសិកម្ម រដ្ឋមន្រ្តីការបរទេសទាំងពីរស្វាគមន៍ ការចុះហត្ថលេខាដោយរដ្ឋមន្រ្តីកសិកម្ម នៃប្រទេសទាំងពីរ លើអនុស្សរណនៃការយោគយល់គ្នា ស្តីពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះ និងបានឯកភាពគ្នាជម្រុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើ កសិឧស្សាហកម្ម និងការកែឆ្នៃផលិតផលកសិកម្ម។ រដ្ឋមន្រី្តការបរទេសទាំងពីរ ក៏បានស្វាគមន៍ដោយរីករាយផងដែរ ចំពោះការប្រកាសរៀបចំសិក្សារួមគ្នា សី្តពីលទ្ធភាពធ្វើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលអាចនឹងជួយពង្រីក ឲ្យកាន់តែធំថែមទៀតនូវពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលសព្វថ្ងៃបានកើនដល់ប្រមាណជិត ១ពាន់លានដុល្លារ រួចហើយ។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបាន និងបន្តរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដោយថ្មីៗនេះបានសម្រេចបង្កើន កម្ចីសម្បទានសម្រាប់កម្ពុជាដល់ ៧០០លានដុល្លារ ក្នុងរយៈពេលឆ្នាំ២០១៩-២០២៣ និងផ្តល់ជំនួយឥតសំណង ១០លានដុល្លារ គាំទ្រប្រតិបត្តិការដោះមីននៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ ចំពោះវិស័យការងារវិញ លោកឧបនាយករដ្ឋមន្រី្ត បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានបន្តបង្កើនកូតាទទួល ពលករខ្មែរទៅធ្វើការនៅកូរ៉េ និងបានយកចិត្តទុកដាក់ ដល់សុខមាលភាពប្រជាជនខ្មែរ ដែលកំពុងស្នាក់នៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ។

លោកស្រី កាង ឃ្យុង-វ៉ា បានស្នើកម្ពុជាគាំទ្រដល់សាធារណរដ្ឋកូរ៉េ ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលលើកទី២ សី្តពីភាពជាដៃគូដើម្បីកំណើនបៃតង និង គោលដៅពិភពលោក២០៣០ (2nd P4G Summit: Partnership for Green Growth and the Global Goals 2030) ដែលគ្រោងនឹងរៀបចំនៅខែមិថុនា ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល។ លោកឧបនាយករដ្ឋមន្រ្តី សន្យាផ្តល់កិច្ចសហប្រតិបតិ្តពេញទំហឹង និងបញ្ជាក់ថា កម្ពុជានឹងបញ្ជូនគណប្រតិភូជាន់ខ្ពស់ ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។

ក្រោយពីបញ្ចប់ជំនួបទ្វេភាគី ដែលបានប្រព្រឹត្តទៅក្នុង បរិយាកាសដ៏ស្និទ្ធស្នាល រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារដ៏សំខាន់ចំនួនពីរ គឺ១)កិច្ចព្រមព្រៀងស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចពន្ធ និង ២) សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៕

ដោយ៖ ខា​ ដា

To Top
×